ព័ត៌មានជាតិ

ក្រសួងព្រះបរមរាជវាំង ៖ ស្ថានភាពព្រះរាជសុខភាព ព្រះមហាក្សត្រ បានប្រសើរបន្តិចជាងមុន

ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានឱ្យដឹថា ស្ថានភាពព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីគង់ប្រថាប់ នៅក្នុងមន្ទីរពេទ្យរដ្ឋធានីប៉េកាំង រយៈពេលមួយសប្តាហ៍នេះ បានប្រសើរបន្តិចជាងមុន ក្រោយទទួលការព្យាបាលព្រះរោគ ដោយបានធ្វើការវះកាត់ធំ ដោយសាស្ត្រាចារ្យ វេជ្ជបណ្ឌិតឯកទេសដ៏ជំនាញពូកែៗ និងក្រោមការមើលថែ យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិត គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលពោរពេញដោយបទពិសោធ បច្ចេកទេសខ្ពស់ជាច្រើនឆ្នាំ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។

យោងតាមសេចក្ដីព័ត៌មានរបស់ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយព្យួរសេរ៉ូម ឆ្លុះអេកូព្រះទរព្រះបាទ និងថ្វាយព្រះឱសថបំបាត់ការឈឺចាប់ ព្រះឱសថផ្សះមុខ របួសវះកាត់ តាមពេលវេលាកំណត់ ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ទន្ទឹមនេះដែរវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ដើម្បីពិនិត្យតាមដាន និងទទួលថែទាំព្រះរាជសុខភាព ជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមថ្លែងអំណរព្រះគុណ និងអរគុណថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គបានឆាប់ជាសះស្បើយ ពីព្រះរោគជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ៕

To Top