ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​ រំលោភបទឈប់បាញ់​ ដោយបន្តវាយប្រហារ លើក្រុមហេសបូឡា​ នៅភាគខាងត្បូងប្រទេសលីបង់

យេរូសាឡឹម៖​ យោធាអ៊ីស្រាអែល​ បានឧ្យដឹងថា ខ្លួនបានបន្តវាយប្រហារគោលដៅ ហេសបូឡានៅទូទាំង ភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ជាបន្តបន្ទាប់ក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារ អ៊ីស្រាអែល​ បានឧ្យដឹងថា ការវាយប្រហារទាំងនោះ បានវាយប្រហារទៅលើមូលដ្ឋានយោធា Radwan Force របស់ក្រុមហេសបូឡា និងទីតាំងផ្ទុកអាវុធមួយកន្លែង ដែលមានគោលបំណងលុបបំបាត់ការគំរាមកំហែងដល់កងទ័ព និងជនស៊ីវិលអ៊ីស្រាអែល។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញ ដោយការិយាល័យរបស់លោក​បានឧ្យដឹងថា​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ា បានបញ្ជាឱ្យយោធាវាយប្រហារគោលដៅក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់។

យោធាអ៊ីស្រាអែលបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅរសៀលថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធហេសបូឡា​ ជាង ១៥នាក់កាលពីចុងសប្តាហ៍។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត IDF បានឧ្យដឹងថា ខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធក្រុមហេសបូឡា ដែលប្រើប្រាស់សម្រាប់គោលបំណងយោធានៅទូទាំងភាគខាងត្បូងប្រទេសលីបង់កាលពីព្រឹកថ្ងៃសៅរ៍ ហើយនឹងបន្តប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការគំរាមកំហែងស្របតាមការណែនាំពីថ្នាក់នយោបាយ។

យោងតាមគេហទំព័រព័ត៌មានក្នុងស្រុក Lebanon Debate មនុស្សម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងការ វាយប្រហារតាមអាកាស របស់អ៊ីស្រាអែលលើទីក្រុង Hadatha នៅភាគខាងត្បូងប្រទេសលីបង់ កាលពីយប់ថ្ងៃសៅរ៍៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top