ចិន ប្រឆាំងយ៉ាងដាច់ខាត ចំពោះទណ្ឌកម្ម របស់សហភាពអឺរ៉ុប ទាក់ទងនឹងរុស្ស៊ី ដែលកំណត់គោលដៅលើក្រុមហ៊ុនចិន
ប៉េកាំង៖ ប្រទេសចិន មិនពេញចិត្តយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះចលនារបស់សហភាពអឺរ៉ុប ក្នុងការរួមបញ្ចូលក្រុមហ៊ុនចិន នៅក្នុងកញ្ចប់ទណ្ឌកម្មលើកទី ២០ របស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី ទោះបីជាមានការ តំណាង និងការជំទាស់ម្តងហើយម្តងទៀតរបស់ប្រទេសចិនក៏ដោយ នេះបើយោងតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន។
អ្នកនាំពាក្យរូបនេះបានលេីកឡេីងថា ប្រទេសចិន បានបញ្ជាក់ជាថ្មី នូវការប្រឆាំងយ៉ាងដាច់អហង្ការរបស់ខ្លួន ចំពោះទណ្ឌកម្មឯកតោភាគីដែលដាក់ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបដិសេធយ៉ាងដាច់អហង្ការ ចំពោះអ្វីដែលហៅថាយុត្តាធិការដៃ វែងរបស់សហភាពអឺរ៉ុបលើក្រុមហ៊ុន និងបុគ្គលចិន។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ចលនារបស់សហភាពអឺរ៉ុប គឺផ្ទុយនឹងស្មារតីនៃការឯកភាពគ្នារវាងមេដឹកនាំចិន និងសហភាពអឺរ៉ុប ហើយវាបានធ្វើឱ្យខូចយ៉ាងខ្លាំង ដល់ទំនុកចិត្តគ្នាទៅវិញទៅមក និងទំនាក់ទំនង ចិន-សហភាពអឺរ៉ុបទាំងមូល។
អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រទេសចិនជំរុញ ឱ្យសហភាពអឺរ៉ុប ដកសហគ្រាស និងបុគ្គលចិន ចេញពីបញ្ជីទណ្ឌកម្មជាបន្ទាន់ រក្សាស្មារតី នៃការឯកភាពគ្នារបស់មេដឹកនាំ និងដោះស្រាយកង្វល់រៀងៗ ខ្លួនតាមរយៈការសន្ទនា និងការពិគ្រោះយោបល់។
អ្នកនាំពាក្យរូបនេះបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការ ចាំបាច់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាសចិនយ៉ាងម៉ឺងម៉ាត់ ដោយបន្ថែមថា ភាគីសហភាពអឺរ៉ុប នឹងទទួលខុសត្រូវចំពោះផលវិបាកទាំងអស់៕
ប្រែសម្រួល ឈូក បូរ៉ា
