លោក ហ៊ុន ម៉ានី ៖ សុខទុក្ខមន្ត្រី គឺជាស្នូល នៃការអនុវត្តការងារ
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងមុខងារ សាធារណៈ លោក ហ៊ុន ម៉ានី បានលើកឡើងថា សុខទុក្ខមន្ត្រី គឺជាស្នូល នៃការអនុវត្តការងារ កែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ក្នុងកម្មវិធីពិនិត្យសុខភាព ប្រចាំឆ្នាំដោយឥតគិតថ្លៃ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី បានថ្លែងថា ក្រសួងបានផ្តួចផ្តើមគម្រោង ស្តីពីការគិតគូរពីសុខមាលភាពមន្ត្រី នៃក្រសួងមុខងារសាធារណៈ ដែលតែងតែយកចិត្តទុកដាក់ត្រៀមខ្លួនជាស្រេច និងបានចូលរួមគាំទ្រថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូប នៅគ្រប់ពេលវេលា ។

លោកថា កន្លងមកអនុវត្តបានចំនួន១១២ករណី រួមមាន ៖ ការចុះសួរសុខទុក្ខមន្ត្រីដែលសម្រាកលំហែមាតុភាព-បិតុភាព កំពុងព្យាបាលជំងឺ ឬជួបគ្រោះថ្នាក់ មរណភាព ព្រមទាំងការផ្តល់ការគាំទ្រផ្សេងៗក្នុងស្ថានភាពលំបាក។

រដ្ឋមន្រ្តីបន្ថែមថា ក្រសួងមុខងារសាធារណៈ បានគិតគូរមួយកម្រិតទៀត ក្នុងការចូលរួមរែកបន្ទុកមួយ ផ្នែកលើតម្រូវការផ្នែកសុខភាពមូលដ្ឋាន ដោយផ្តោតលើការពិនិត្យ តាមដានសុខភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈ ក្រោមកិច្ចសហការរវាងគម្រោង ស្តីពីការគិតគូរពីសុខមាលភាពមន្ត្រី នៃក្រសួងមុខងារសាធារណៈ និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ។ ចេញពីមូលដ្ឋានជាលើកដំបូងនេះ ក្រសួងនឹងបន្តគិតគូរជាបន្តបន្ទាប់ ក្នុងការរៀបចំជារៀងរាល់ឆ្នាំទៅមុខទៀត ដើម្បីលើកកម្ពស់សុខុមាលភាពថ្នាក់ដឹកនាំ និងមន្ត្រីឱ្យកាន់តែប្រសើរ ។

លោក ហ៊ុន ម៉ានី បញ្ជាក់ថា ដំណើរការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ កំពុងបន្តទៅមុខយ៉ាងស្វាហាប់ ជាជំហានៗដ៏រឹងមាំ ដោយមានសមិទ្ធផលជាក់ស្តែងកើតចេញពីការខិតខំប្រឹងប្រែង និងការលះបង់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ស្របតាមចក្ខុវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ រដ្ឋមន្រ្តីសង្កត់ធ្ងន់ទៀតថា ដំណើរការដ៏វែងឆ្ងាយឆ្ពោះទៅមុខក្នុងការបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ពឹងផ្អែកយ៉ាងសំខាន់លើសុខភាព និងសុខុមាលភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីម្នាក់ៗ ដែលជាប្រតិបត្តិករផ្ទាល់ និងកម្លាំងស្នូលដ៏សំខាន់របស់រាជរដ្ឋាភិបាល ៕


