ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់បញ្ជាក់ថា​ សម្ពាធរបស់សហរដ្ឋអាមេរិក​ រារាំងដល់ផ្លូវការទូត ហើយព្រមានប្រឆាំងនឹងការចរចា ក្រោមការបង្ខិតបង្ខំ

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា សម្ពាធ និងសកម្មភាពអរិភាព របស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្ត និងធ្វើឱ្យវឌ្ឍនភាពឆ្ពោះទៅរកការចរចាឡើងវិញ កាន់តែពិបាក។

នៅក្នុងការហៅទូរស័ព្ទ កាលពីថ្ងៃសៅរ៍ជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif លោក Pezeshkian បានពិភាក្សាអំពីការ អភិវឌ្ឍនយោបាយ និងយោធាថ្មីៗ កិច្ចខិតខំប្រឹងប្រែង​ ដើម្បីគាំទ្របទឈប់បាញ់ និងគំនិតផ្តួចផ្តើមការទូតដែលកំពុងដំណើរការ។

លោក Pezeshkian បានលេីកឡេីងថា វឌ្ឍនភាពក្នុងការដោះស្រាយជម្លោះតម្រូវឱ្យមាន “ការយល់ដឹងរួម” និងលក្ខខណ្ឌសមស្រប​ សម្រាប់ការសន្ទនាប្រកបដោយប្រសិទ្ធភាព។

លោកបានបន្ដថា ទណ្ឌកម្មថ្មីៗរបស់សហរដ្ឋអាមេរិក ការរឹតបន្តឹងកងទ័ពជើងទឹក និងសម្ពាធយោធាគឺជាឧបសគ្គចម្បង​ ចំពោះការកសាងទំនុកចិត្តឡើងវិញ។

លោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន​ មិនអាចបន្តការចរចាបាននោះទេ ខណៈពេលដែលកំពុងបង្កើនសម្ពាធលើអ៊ីរ៉ង់ ដោយនិយាយថា សកម្មភាពបែបនេះ “រំខានដល់បរិយាកាសចាំបាច់” សម្រាប់ការទូត។

ដោយបញ្ជាក់ជាថ្មីអំពីជំហររបស់អ៊ីរ៉ង់ លោក Pezeshkian បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់មិនបានចាប់ផ្ដើមជម្លោះនោះទេ ហើយក៏មិនមានចំណាប់អារម្មណ៍លើអស្ថិរភាពក្នុងតំបន់ដែរ។

លោកបានបន្ថែមថា អ៊ីរ៉ង់​ នឹងចូលរួមក្នុងការចរចាតែលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក មិនមែន «ការគំរាមកំហែង សម្ពាធ និងការដាក់ទណ្ឌកម្ម» នោះទេ ហើយបានទទូចលើសិទ្ធិរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top