ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន អះអាងពីឆន្ទៈសហការរួមគ្នា​ ជំរុញកំណើនភ្ញៀវទេសចរចិន មកកម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន បានបញ្ជាក់អះអាង ពីឆន្ទៈសហការរួមគ្នា​ ជំរុញកំណើនភ្ញៀវទេសចរចិន មកកម្ពុជាឱ្យកាន់តែច្រើនឡើង ។

ការអះអាងរបស់ថ្នាក់ដឹកនាំទាំងពីរខាងលើនេះ ធ្វើឡើងក្នុងឱកាសលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Shi Zhongjun អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-ចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ រវាងក្រសួងទេសចរណ៍ កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) ក្នុងឱកាសដំណើរបេសកកម្មការងារ នៅព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ។

ក្នុងជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ មានទស្សនៈរួមគ្នាថា វិស័យទេសចរណ៍ជាវិស័យគន្លឹះ ដែលជួយសម្រេច ឱ្យបាននូវការកសាងសហគមន៍ ជោគវាសនារួមគ្នារវាង កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។

ភាគីទាំងពីរ ក៏បានឯកភាពសហការឱ្យបានជាក់ស្តែង និងស៊ីជម្រៅបន្ថែមទៀត ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន ការផ្លាស់ប្តូរ ប្រជាជនកម្ពុជា-ចិនទៅវិញទៅមក ឱ្យកាន់តែច្រើនឡើង និងសកម្មក្នុងឆ្នាំ២០២៦ ថ្មី និងស្របតាមកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធ រវាងក្រសួងទេសចរណ៍ ស្ថានទូតចិនប្រចាំកម្ពុជា វិស័យឯកជន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការ ដល់ប្រជាជនចិន ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជា បានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល ៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ (ពោលនៅក្នុងអំឡុងពេលនៃរដូវកាលបៃតងនៅកម្ពុជា) ៕

To Top