ព័ត៌មានជាតិ

អភិបាលខេត្តតាកែវ បញ្ជាឱ្យអាជ្ញាធរស្រុកអង្គរបូរី ត្រូវលុបបំបាត់បទល្មើស Online Scam ដើម្បីធានាសុខសុវត្ថិភាពជូនពលរដ្ឋ

តាកែវ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អភិបាលស្រុកអង្គរបូរី ដែលទើបតែងតាំងថ្មី និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបង្ការ និងទប់ ស្កាត់រាល់សកម្មភាពឆបោក តាមប្រព័ន្ធអនឡាញ (Online Scam) កុំឱ្យមានវត្តមាន ក្នុងមូលដ្ឋានដាច់ខាត ដើម្បីធានាសុខសុវត្ថិភាពជូនប្រជា ពលរដ្ឋ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង លោក កង អាណាន់ ជាអភិបាលស្រុកអង្គរបូរី នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

លោក អភិបាលខេត្ត បានដាក់ចេញនូវសំខាន់ៗមួយចំនួន រួមមាន ត្រូវចុះតាមដាន និងត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេសទាំងអស់ ជាពិសេសនៅតាមរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងសង្ស័យផ្សេងៗ ដែលអាចមានការបង្កប់អាជីវកម្មឆបោកអនឡាញ។

ក្រៅពី Online Scam ត្រូវពង្រឹងការបង្ក្រាបអំពើជួញ ដូរមនុស្សគ្រប់ទម្រង់ និងបញ្ហាគ្រឿងញៀនឱ្យទាន់ពេលវេលា និងមន្ត្រីច្រកទ្វារព្រំដែន ត្រូវត្រួតពិនិត្យឱ្យបានតឹងរឹងបំផុត ចំពោះភ្ញៀវបរទេស ដែលឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមច្រកក្នុងខេត្តតាកែវ ដើម្បីបង្ការបទល្មើសជួញដូរមនុស្ស និងការហូរចូលនៃក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា។

លោក បន្តថា ដើម្បីជាការឆ្លើយតបទៅ និងវិធានការមុតស្រួចបំផុតរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែសកម្ម ដើម្បីធានាប្រសិទ្ធ ភាពនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕

To Top