ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ អះអាងថា ការបន្ត ទម្លាប់បំផ្លិចបំផ្លាញ របស់សហរដ្ឋអាមេរិក​ កំពុងធ្វើឱ្យវឌ្ឍនភាព ការទូតយឺតយ៉ាវ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានស្តីបន្ទោសវឌ្ឍនភាពយឺតយ៉ាវ នៃការទូតរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ទៅលើការបន្តទម្លាប់បំផ្លិចបំផ្លាញ របស់ទីក្រុងវ៉ាស៊ីនតោន។

សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ បានឧ្យដឹងថា​ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ​ ពូទីន​ នៅទីក្រុង Saint Petersburg ដែលក៏មានការចូលរួមពី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងចំណោមអ្នកដទៃទៀត ។

ដោយពន្យល់អំពីដំណើរការការទូត​ ដែលសម្របសម្រួលដោយប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាម និងបង្កើតសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីខាងលិច និងច្រកសមុទ្រហ័រមូស លោក Araghchi បានឧ្យដឹងថា «មូលហេតុចម្បង នៃវឌ្ឍនភាពយឺតយ៉ាវនៃការទូត គឺការបន្តទម្លាប់បំផ្លិចបំផ្លាញ របស់សហរដ្ឋអាមេរិក ជាពិសេសការទទូចរបស់ខ្លួន ក្នុងការដាក់ចេញនូវការទាមទារ មិនសមហេតុផល ការផ្លាស់ប្តូរជំហរជាញឹកញាប់ វោហាសាស្ត្រនៃការគំរាមកំហែង និងការបំពានការសន្យាម្តងហើយម្តងទៀត»។

លោក​បាន​លេីកឡេីង​ថា អ៊ីរ៉ង់​ នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​សមស្រប​មួយ​អំពី​ដំណើរការ​ការទូត​បច្ចុប្បន្ន ខណៈ​ពេល​ដែល​ពិចារណា​លើ​បទពិសោធន៍​ពីមុន​របស់​ខ្លួន «ជាពិសេស​ការ​ឈ្លានពាន​ផ្នែក​យោធា​ពីរ​លើកដោយ​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ ប្រឆាំង​នឹង​ប្រទេស​នេះ​ក្នុង​ការ​ចរចា​ការទូត ការវាយប្រហារ​លើ​រោងចក្រ​នុយក្លេអ៊ែរ​សន្តិភាព​របស់​ខ្លួន ក៏ដូចជា​ការ​ញៀន​នឹងការដាក់ទណ្ឌកម្ម និង​សម្ពាធ​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក និង​ការ​បន្ត​លួច​ប្លន់​លើ​នាវា​ពាណិជ្ជកម្ម​អ៊ីរ៉ង់»។

លោក ពូទីន បាន​សម្តែង​ការ​ត្រៀមខ្លួន​របស់​រុស្ស៊ី​ក្នុង​ការ​ផ្តល់​ជំនួយ​ ដើម្បី​បញ្ចប់​សង្គ្រាម​ទាំងស្រុង និង​បង្កើត​សន្តិភាព​ក្នុង​តំបន់ ដោយ​បង្ហាញ​ក្តី​សង្ឃឹម​ថា ដំណើរការ​ការទូត​ក្នុង​ទិសដៅ​នោះ​នឹង​នាំ​ទៅ​រក​លទ្ធផល​អំណោយផល​សម្រាប់​សន្តិភាព និង​ស្ថិរភាព។

លោក ពូទីន បាន​គូសបញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រុស្ស៊ី​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​បន្ថែម​ទៀត​ក្នុង​គ្រប់​វិស័យ​ដែល​មាន​ផលប្រយោជន៍​រួម និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ផ្សេងៗ៕

To Top