អនុរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់ ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី និងរដ្ឋមន្រ្តីការពារជាតិបេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ បំផុតមួយរបស់រុស្ស៊ី
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrei Belousov បានជួបពិភាក្សា នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន កាលពីថ្ងៃចន្ទជាមួយអនុរដ្ឋមន្ត្រី ក្រសួងការពារជាតិអ៊ីរ៉ង់ លោក Reza Talaei-Nik, នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS។
លោក Belousov បានបញ្ជាក់ជាថ្មីអំពីជំហរយូរអង្វែងរបស់រុស្ស៊ីថា សង្គ្រាមអ៊ីរ៉ង់គួរតែត្រូវបានដោះស្រាយទាំងស្រុងតាមរយៈមធ្យោបាយការទូត ហើយបាននិយាយថា លោកមានទំនុកចិត្តថា ទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់នឹងបន្តគាំទ្រគ្នាទៅវិញទៅមក។
លោក Talaei-Nik ក៏បានធ្វើដំណើរទៅកាន់ប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយ របស់រុស្ស៊ី ជាកន្លែងដែលក្រសួងការពារជាតិ បេឡារុស បាននិយាយថា បានពិភាក្សាអំពីស្ថានភាពមជ្ឈិមបូព៌ាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Viktor Khrenin។
ក្រសួងនេះ ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ BelTA បាននិយាយថា មន្ត្រីទាំងពីរបានយល់ស្របថា មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយជម្លោះគឺ «ការវិលត្រឡប់ទៅកាន់វិសាលភាពនៃការដោះស្រាយនយោបាយ-ការទូត និងការពង្រឹងដំណើរការចរចា»។
