ព័ត៌មានជាតិ

ក្រសួងសាធារណការ បើកវគ្គបណ្ដុះបណ្តាល ស្តីពី «បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings»

ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលស្តីពី «បច្ចេកទេសសវនកម្មហានិភ័យ សុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី iRAP Star Ratings» ដោយមានការចូលរួមពី លោកស្រី យ៉ាសមីន ស៊ីដឌីហ្គី (YASMIN SIDDIQI) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គ្រូឧទ្ទេសនាម និងមន្រ្តីរាជការជាច្រើនរូប ។

វគ្គបណ្ដុះបណ្តាលនេះ ត្រូវបានធ្វើឡើង ដើម្បីឱ្យមន្ត្រីបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានយល់ដឹងបន្ថែម អំពីកម្មវិធីវាយតម្លៃផ្លូវថ្នល់អន្តរជាតិ iRAP Star Rating ដែលជាវិធីសាស្ត្រមានលក្ខណៈវិទ្យាសាស្ត្រ និងត្រូវបានទទួលស្គាល់ជាសកល និងឱ្យអង្គភាពជំនាញ អាចធ្វើសវនកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដោយផ្ដល់ជាកម្រិត «ផ្កាយ» (Star Ratings) ពី ១ ដល់ ៥ ផ្កាយ ដោយយោងតាមស្ថានភាព និងលក្ខខណ្ឌផ្លូវថ្នល់នីមួយៗ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ រដ្ឋសមាជិករបស់អង្គការ សហប្រជាជាតិទាំងអស់ បានអនុម័តគោលដៅអនុវត្ត សម្រាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល ដែលមាន១២គោលដៅ (12 Global Road Safety Performance Targets) ក្នុងនោះ គោលដៅទី៣ “ត្រឹមឆ្នាំ២០៣០ ផ្លូវសាងសង់ថ្មីទាំងអស់ទទួលបានផ្កាយ ៣ ឬច្រើនជាង” និង គោលដៅទី៤ “ត្រឹមឆ្នាំ២០៣០ ច្រើនជាង ៧៥% នៃការធ្វើដំណើរលើផ្លូវថ្នល់ គឺជាផ្លូវថ្នល់ដែលបានសាងសង់ឡើងដោយទទួលបានផ្កាយ ៣ ឬច្រើនជាង”។

គោលការណ៍នេះ បញ្ជាក់កាន់តែច្បាស់ពីសារៈសំខាន់ នៃការបណ្ដុះបណ្តាលនាពេលនេះ ដែលជួយឱ្យកម្ពុជា អាចចូលរួមសម្រេចគោលដៅរួម របស់អង្គការសហប្រជាជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

To Top