DAP News
ព័ត៌មានជាតិ

លោក ឃួង ស្រេង ចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុង នៃប្រទេសអាស៊ាន ដើម្បីចីរភាព (TOKYO-SEADS) នាប្រទេសជប៉ុន

តូក្យូ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួម ក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុង នៃប្រទេសអាស៊ាន ដើម្បីចីរភាព (TOKYO-SEADS) ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង បន្ទាប់ពីកិច្ចប្រជុំកំពូល លើកទី៣ នៃបណ្ដាញទីក្រុងសកល សម្រាប់ចីរភាព G-NETS បានបញ្ចប់ដោយជោគជ័យ ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចសន្ទនានេះ លោកស្រីអភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុងនានា នៃបណ្ដាប្រទេសអាស៊ាន បានធ្វើបទបង្ហាញលើប្រធានបទ ស្តីពី «វិធានការទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ពន្ធទីក្រុង» សម្រាប់ទីក្រុងរបស់ខ្លួន ។ ក្នុងនោះ លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើបទបង្ហាញ ស្តីពី «ភាពធន់និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចីរភាពនិងបរិយាប័ន្ន» ។

លោកស្រីអ្នកនាំពាក្យ បានបន្តទៀតថា បន្ទាប់ពីធ្វើបទបង្ហាញ និងការចូលរួមមតិយោបល់ ដើម្បីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ រវាងទីក្រុងនីមួយៗ រួមមាន (ទីក្រុងតូក្យូ និងទីក្រុង ក្នុងតំបន់អាស៊ាន) រួចមក លោកស្រីអភិបាលក្រុងតូក្យូ បានដាក់ជូនអង្គប្រជុំពិនិត្យ និងអនុម័ត លើ សេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួម នៃកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្តាទីក្រុង នៃប្រទេសសមាជិកអាស៊ាន ដើម្បីចីរភាព Tokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា (TOKYO-SEADS) ដោយផ្តោតលើប្រធានបទសំខាន់ គឺ «វិធានការទប់ទល់នឹងខ្យល់ព្យុះ និងទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង ដើម្បីបង្កើតទីក្រុងប្រកបដោយភាពធន់ និងចីរភាព» ។

មុននឹងបញ្ចប់ លោកស្រីអភិបាលក្រុងតូក្យូ ក៏បានជម្រាបជូន អំពីកម្មវិធីនៃកិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់ របស់ G-NETS នឹងគ្រោងនឹងរៀបចំធ្វើឡើង នៅខែឧសភា ឆ្នាំ២០២៧ និងកិច្ចប្រជុំកំពូល លើកទី៤ របស់ G-NETS នឹងធ្វើនៅឆ្នាំ២០២៨ហើយ លោកស្រីអភិបាលក្រុង បាន អញ្ជើញអភិបាលរាជធានី-ក្រុង និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងប្រជុំដ៏មានសារ:សំខាន់ទាំងនោះបន្តទៀត ៕

To Top