លោក Trump បញ្ជាក់ថា នឹងបន្តបិទផ្លូវច្រកសមុទ្រ Hormuz រហូតដល់កិច្ចព្រមព្រៀង ស្តីពីនុយក្លេអ៊ែរ ត្រូវបានបញ្ចប់
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃពុធថា លោកនឹងរក្សាអ៊ីរ៉ង់ នៅក្រោមការបិទផ្លូវ របស់កងទ័ពជើងទឹកអាមេរិក រហូតដល់ទីក្រុង តេហរ៉ង់ យល់ព្រមលើកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោនស្តីពីកម្មវិធី នុយក្លេអ៊ែររបស់ខ្លួនជាមុនសិន។
លោក Trump បានប្រាប់មន្ត្រីអាមេរិកថាបែបនេះថា ៖ ការទប់ស្កាត់គឺមានប្រសិទ្ធភាព ជាងការទម្លាក់គ្រាប់បែក។ ប្រព័ន្ធផ្សព្វផ្សាយអនឡាញ Axios ក្នុងបទសម្ភាសន៍ តាមទូរស័ព្ទដោយសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនអាចមាន អាវុធនុយក្លេអ៊ែរបានទេ។
ប្រធានាធិបតីបានអះអាងទៀតថា អ៊ីរ៉ង់ចង់ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដកការរារាំងនេះចេញ។
លោក Trump បាននិយាយដែរថា៖ពួកគេចង់ដោះស្រាយ។ ពួកគេមិនចង់ឱ្យខ្ញុំរក្សាការបិទផ្លូវទេ។ ខ្ញុំមិនចង់ទេ ប៉ុន្តែក៏ព្រោះខ្ញុំមិនចង់ឱ្យពួកគេមានអាវុធនុយក្លេអ៊ែរនោះដែរ។
សម្រាប់ពេលនេះ លោក Trump មើលឃើញថាការបន្តការបិទ ផ្លូវជាប្រភពចម្បង នៃឥទ្ធិពលរបស់គាត់ ប៉ុន្តែលោកនឹងពិចារណាលើសកម្មភាពយោធា ប្រសិនបើអ៊ីរ៉ង់ នៅតែមិនជាប់គាំង នេះបើយោងតាមរបាយការណ៍របស់ Axiosដដែលបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញ៕
ប្រែសម្រួល៖ស៊ុនលី
