ព័ត៌មានអន្តរជាតិ

​ អាមេរិក​ ដោះលែងសមាជិកនាវិក ៦ នាក់ នៃកប៉ាល់អ៊ីរ៉ង់​ ដែលត្រូវបានរឹបអូស

តេអេរ៉ង់៖ សមាជិកនាវិក ៦ នាក់ក្នុងចំណោម ២៨ នាក់នៃកប៉ាល់ដឹកទូកុងតឺន័រអ៊ីរ៉ង់ Touska ដែលត្រូវបានសហរដ្ឋអាមេរិករឹបអូសកាលពីដើមខែនេះ ត្រូវបានដោះលែងហើយបានវិលត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអ៊ីរ៉ង់​ Tasnim។

កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការ​ ដើម្បីធានាការដោះលែងនាវិក​ ដែលនៅសល់ ដែលអ៊ីរ៉ង់​ ពិពណ៌នាថាជាចំណាប់ខ្មាំងរបស់រដ្ឋាភិបាលភេរវករអាមេរិក។

កប៉ាល់ដែលមានទង់ជាតិអ៊ីរ៉ង់​ ត្រូវបានកងកម្លាំងអាមេរិកឡើងលើ និងរឹបអូសនៅឯឆ្នេរសមុទ្រនៃកំពង់ផែ Chabahar ភាគអាគ្នេយ៍របស់អ៊ីរ៉ង់​ ក្នុងឈូងសមុទ្រអូម៉ង់​ នៅថ្ងៃទី ១៩ ខែមេសា។

ប្រទេសអ៊ីរ៉ង់​ បានថ្កោលទោសការរឹបអូសនេះថាជា «ទង្វើចោរសមុទ្រដ៏ធ្ងន់ធ្ងរ»។ ទីបញ្ជាការយោធាសំខាន់របស់ប្រទេសនេះ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានពន្យល់ថា កងកម្លាំងប្រដាប់អាវុធមិនបានធ្វើអន្តរាគមន៍នៅពេលនោះទេ ដោយសារតែក្រុមគ្រួសាររបស់សមាជិកនាវិក​ នៅលើនាវា។

សហរដ្ឋអាមេរិក​ បានដាក់ការបិទច្រកសមុទ្រហ័រមូស ដោយរារាំងកប៉ាល់ទៅ និងមកពីកំពង់ផែអ៊ីរ៉ង់ពីការឆ្លងកាត់។ ការបិទច្រកសមុទ្រនេះចូលជាធរមានបន្ទាប់ពីការចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​ នៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថាន​ នៅថ្ងៃទី ១១​ និង១២​ ខែមេសា បានបរាជ័យក្នុងការនាំទៅដល់កិច្ចព្រមព្រៀងមួយ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top