ក្រសួងព្រះបរមរាជវាំង ៖ ព្រះមហាក្សត្រខ្មែរ ស្តេចយាងចេញពីមន្ទីរពេទ្យ នៅថ្ងៃទី០១ ឧសភា ដើម្បីបន្តគង់ប្រថាប់ នៅព្រះរាជដំណាក់ រដ្ឋធានីប៉េកាំង
ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ព្រះរាជសុខភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានភាពប្រសើរជាបណ្ដើរៗ ក្រុមគ្រូពេទ្យព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងចេញពីមន្ទីរពេទ្យ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦នេះ ដើម្បីបន្តគង់ប្រថាប់ នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ថា ក្រោយពីទទួលបានការព្យាបាលព្រះរោគដោយការវះកាត់អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានគង់ប្រថាប់ដើម្បីពិនិត្យ និងថែទាំព្រះរាជសុខភាពក្រោមការពិនិត្យតាមដានថែទាំយ៉ាងម៉ត់ចត់ និងយកចិត្តទុកដាក់ ជាទីបំផុត ពីថ្នាក់ដឹកនាំ លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
បច្ចុប្បន្ននេះ យោងលើវេជ្ជបញ្ជា របស់ក្រុមគ្រូពេទ្យ ព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរជាបណ្តើរៗ។ ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យ ប៉េកាំង សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ជាទីខ្ពង់ខ្ពស់បំផុត ស្តេចយាងចេញ ពីមន្ទីរពេទ្យ នៅថ្ងៃទី០១ ខែឧសភាឆ្នាំ២០២៦ និងសូមព្រះអង្គបន្តគង់ប្រថាប់ នៅព្រះរាជដំណាក់ រដ្ឋធានីប៉េកាំង និងយាងទៅមន្ទីរពេទ្យជាបន្តបន្ទាប់ ដើម្បីពិនិត្យតាមដាន ថ្វាយព្រះឱសថ និងថែទាំព្រះរាជសុខភាពមួយរយៈពេលទៀត៕
