ក្រសួងបរិស្ថានកម្ពុជា ពង្រឹងភាពជាដៃគូ ជាមួយគ្រួសារ UN ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន
ភ្នំពេញ ៖ ក្រសួងបរិស្ថានកម្ពុជា និងអង្គការ UN Habitat បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តការ ស្តីពីការគ្រប់គ្រង ធនធានធម្មជាតិ កិច្ចគាំពារសង្គម និងការអភិវឌ្ឍន៍ប្រកប ដោយចីរភាពនៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ក្រសួងស្ថាប័ន ពាក់ព័ន្ធ រួមជាមួយអង្គការ ដៃគូ ដៃគូអភិវឌ្ឍន៍ ជាច្រើននាក់។

លោកស្រី Kazuko ISHIGAKI ប្រធានអង្គការUN-Habitat ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានលើកឡើងនូវគម្រោង និងផែនការសកម្មភាពជាច្រើន រួមទាំងការរៀប ចំគោលនយោបាយ និងការអនុវត្តគម្រោង ដើម្បីឆ្លើយតបនឹង ការប្រែប្រួអាកាសធាតុនៅតំបន់ឆ្នេរ ហើយសម្រេចបាននូវភាព ជោគជ័យប្រកបដោយមោទនភាព។

ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ ជាការបង្ហាញពីការគាំទ្រ ការចូលរួម និងគាំទ្រដល់ក្រសួងបរិស្ថាន ក្នុងការអនុវត្តភារកិច្ច ការទទួលខុសត្រូវលើការគ្រប់គ្រង ធនធានធម្មជាតិនិងបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាព ដើម្បីកម្ពុជាសម្រេច បានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន សំដៅឆ្ពោះទៅសម្រេច បានការបង្កើនគម្របព្រៃឈើច្រើន និងការអភិវឌ្ឍប្រកប ដោយអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើង ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលជាប្រទេសរងគ្រោះខ្លាំង ពីការប្រែប្រួលអាកាសធាតិ ចូលរួមធ្វើសកម្មភាពជាច្រើន ស្របតាមផែនការ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពូជា ក្នុងនោះផែនការយុទ្ធសាស្ត្រឆ្លើយតបទៅ នឹងការប្រែប្រួល អាកាសធាតុដំណាក់កាលទី២ (CCCSP) ២០២៤-២០៣៣ ដោយបញ្ជ្រាបគោលនយោបាយ របស់រដ្ឋាភិបាលក្នុងការបន្ស៊ាំ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដោយជំរុញការចូលរួម និងការអនុវត្តការងារពីភាគីពាក់ព័ន្ធនានា ។

ជាមួយគ្នានេះប្រទេសកម្ពុជាក៏បានដាក់ជូននូវផែនការជាតិ រួមចំណែកឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ លើកទី៣(NDC:3.0) ដែលបានកំណត់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥% នៅឆ្នាំ២០៣៥ ខាងមុខ៕
