សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រឿងយកក្មេងទំនើង ទៅសមរភូមិមុខ គឺមិនបង្កើតច្បាប់ថ្មីនោះទេ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ពាក់ព័ន្ធរឿងការបញ្ជូនក្មេងទំនើង ទៅបម្រើសកម្មភាពនានានៅសមរភូមិជួរមុខ គឺមិនបង្កើតច្បាប់ថ្មីនោះទេ គ្រាន់តែឱ្យសិក្សាច្បាប់ចាស់ប៉ុណ្ណោះ។
ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦) នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។
សម្តេចធិបតី រំលឹកថា នាពេលកន្លងទៅ សម្ដេច បានណែនាំក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ, និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឱ្យសិក្សាផ្លូវច្បាប់ មិនមែនបង្កើតច្បាប់ថ្មីទេ ដើម្បីបញ្ជូន ឬយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានទៅបម្រើការងារនៅតាមសមរភូមិមុខ ដើម្បីជួយការងារនៅតំបន់ព្រំដែន ដូចជា ការចាក់លេណដ្ឋាន ឬធ្វើការងារផ្សេងៗទៀត។
សម្ដេចធិបតី បន្ដថា មិនមានអីត្រូវបង្កើតច្បាប់ថ្មីនោះទេ ហើយករណីបញ្ជូនជនជាប់ចោទ ឱ្យចេញក្រៅឃុំ ទៅធ្វើទាហាន ក៏អត់មានដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «គ្មានគោលការណ៍ឱ្យធ្វើច្បាប់ថ្មីនោះទេ ឱ្យសិក្សាច្បាប់ចាស់។ ខ្ញុំ ឆ្ងល់អ្នកវិភាគចេះគ្រប់ប៉ុណ្ណឹងស្ដាប់មិនយល់។ ប្រជាជនធម្មតាគាត់យល់ច្បាស់ជាង»។
សម្តេចធិបតី បន្ថែមថា ការបញ្ជូនក្មេងទំនើង ទៅសមរភូមិជួរមុខ គឺមិនឱ្យកាន់កាំអាវុធឡើយ។ គ្រាន់តែធ្វើសកម្មភាពផ្សេងៗដែលបម្រើឱ្យវិស័យកងទ័ព៕
