ព័ត៌មានអន្តរជាតិ

​ ម៉ិកស៊ិក​ រិះគន់ការជ្រៀតជ្រែក របស់សហរដ្ឋអាមេរិក​ ក្នុងកិច្ចការផ្ទៃក្នុង និងប្ដេជ្ញាការពារអធិបតេយ្យភាពជាតិ

ម៉ិកស៊ិក ៖​ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធការជ្រៀតជ្រែកពីបរទេសក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេស បន្ទាប់ពីសហរដ្ឋអាមេរិក​ បានស្នើសុំឱ្យធ្វើបត្យាប័នអភិបាលរដ្ឋ និងមន្ត្រី​៩រូបផ្សេងទៀត ដែលខ្លួនចោទប្រកាន់ពីបទជួញដូរអាវុធ និងគ្រឿងញៀន។

លោកស្រី Sheinbaum បានឧ្យដឹងក្នុងអំឡុងពេលសន្និសីទ សារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រីថា​ ដោយសារតែខ្វះភស្តុតាង សមហេតុផលនៃការប្រព្រឹត្តខុស ការចោទប្រកាន់ទាំងនេះ អាចបណ្តាលមកពីហេតុផលនយោបាយ។

លោកស្រីបានលេីកឡេីងថា “ការការពារអធិបតេយ្យភាព ដូចដែលយើងបានធ្វើរហូតមកដល់ពេលនេះ និងនីតិរដ្ឋត្រូវតែផ្អែកលើភស្តុតាង” ដោយសង្កត់ធ្ងន់ថា “យើងនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលបរទេស ណាមួយមកសម្រេចចិត្តអនាគតរបស់ប្រជាជនម៉ិកស៊ិកឡើយ”។

នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងទ្វេភាគីម៉ិកស៊ិក-សហរដ្ឋអាមេរិក ដែលទីក្រុងវ៉ាស៊ីនតោន​ បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់ម្នាក់ ដែលនៅតែកាន់តំណែងពីម៉ិកស៊ិក គឺអភិបាលរដ្ឋ Sinaloa លោក Ruben Rocha ពីបទឧក្រិដ្ឋ។

លោកស្រី​បាន​បន្ដ​ថា ការិយាល័យ​រដ្ឋអាជ្ញា​ម៉ិកស៊ិក​បាន​បើក​ការ​ស៊ើបអង្កេត «ស្របគ្នា» លើ​ការ​ចោទប្រកាន់​ទាំងនេះ។ «ជំហរ​របស់​ខ្ញុំ​លើ​ព្រឹត្តិការណ៍​ទាំងនេះ​គឺ​សច្ចភាព​ យុត្តិធម៌ និង​ការការពារ​អធិបតេយ្យភាព​ ប្រសិនបើ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ទេ វា​ច្បាស់​ណាស់​ថា គោលបំណង​នៃ​ការ​ចោទប្រកាន់​ទាំងនេះ​ដោយ​ក្រសួងយុត្តិធម៌ សហរដ្ឋអាមេរិក​ គឺជា​រឿង​នយោបាយ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top