ព័ត៌មានអន្តរជាតិ

​ អ៊ីស្រាអែល​ អាចនឹងបន្តសកម្មភាព យោធាប្រឆាំងនឹងអ៊ីរ៉ង់​ ក្នុងពេលឆាប់ៗនេះ

យេរូសាឡឹម៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឧ្យដឹងថា អ៊ីស្រាអែល អាចនឹងត្រូវបន្តសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់​ ក្នុងពេលឆាប់ៗនេះ។

ថ្លែងនៅក្នុងពិធីយោធាមួយ លោក Katz បានលេីកឡេីងថា អ៊ីស្រាអែលគាំទ្រ ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ លើកិច្ចព្រមព្រៀង ដែលអាចធ្វើទៅបាន ប៉ុន្តែអាចនឹងត្រូវការបន្តការវាយប្រហារ​ ដើម្បីធានាសន្តិសុខរបស់ខ្លួន។

លោកបានបន្ដថា «អ៊ីរ៉ង់បានរងការវាយប្រហារ យ៉ាងខ្លាំងក្នុងរយៈពេលមួយឆ្នាំកន្លងមក ដែលជាការវាយប្រហារ​ ដែលបានធ្វើឱ្យវាថយក្រោយជាច្រើនឆ្នាំ នៅគ្រប់វិស័យទាំងអស់»។

លោកបានបន្ថែមថា អ៊ីស្រាអែល​ នឹងបន្តការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហេសបូឡានៅលីបង់ «ដូចដែលយើងបានធ្វើនៅហ្គាហ្សា» ដោយថា យោធានឹងធ្វើសកម្មភាព​ ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសកម្មប្រយុទ្ធទាំងអស់នៅក្នុងអ្វីដែលខ្លួនហៅថា «ខ្សែលឿង» ដែលជាតំបន់ការពារ​ ដែលប្រកាសដោយអ៊ីស្រាអែល​ តាមបណ្តោយព្រំដែនដែលលាតសន្ធឹងដល់ទន្លេ Litani។

កងកម្លាំងអ៊ីស្រាអែលនៅតែដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់ ដោយធ្វើការវាយប្រហារប្រចាំថ្ងៃទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្ន​ ដែលបានចូលជាធរមាននៅដើមខែនេះក៏ដោយ។

ដើម្បីបង្កើតតំបន់ទ្រនាប់ កងទ័ពបានកម្ទេចអគារនៅក្នុងភូមិ និងទីប្រជុំជនលីបង់តាមបណ្តោយតំបន់ព្រំដែន ដោយបានបណ្តេញ ប្រជាជនចេញពីលំនៅឋាន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top