ព័ត៌មានអន្តរជាតិ

វិស្វករចិន ខិតខំសាងសង់គម្រោង ដែលមានគុណភាពខ្ពស់ ដើម្បីបម្រើផលប្រយោជន៍​ប្រជាជន

វិស្វករ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិទ្យាសាស្រ្ត និង​បច្ចេកវិទ្យាវិស្វកម្ម និងការធានាធនធានមនុស្សសម្រាប់យុទ្ធសាស្ត្រជាតិ។ ប្រធានរដ្ឋចិនលោក Xi Jinping មានការរំពឹងទុកយ៉ាងស្មោស្ម័គ្រ ចំពោះបុគ្គលិកបច្ចេកទេស ដោយជំរុញឱ្យពួកគេរក្សាឧត្តមគតិ ក្នុងការបម្រើប្រទេសជាតិ តាមរយៈវិទ្យាសាស្ត្រ និងបច្ចេកទេស និងបម្រើផលប្រយោជន៍ប្រជាជន តាមរយៈការសម្រេចបាន នូវសមិទ្ធផលបច្ចេកទេសស្នូលសំខាន់ៗ និងសាងសង់គម្រោង ដែលមានគុណភាពខ្ពស់ ក្នុងន័យជំរុញការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ។

នៅលើវាលខ្សាច់ហ្គោប៊ីដ៏ ធំល្វឹងល្វើយក្នុងតំបន់នីងដុង ខេត្តនីងសៀ គម្រោងជាគំរូសម្រាប់ការផលិតធ្យូងថ្មរាវដោយប្រយោលទំហំ ៤ លានតោនជារៀងរាល់ឆ្នាំ របស់ក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្មនីងសៀ នៃក្រុមសាជីវកម្មថាមពលជាតិចិន ឈរជង្គ្រឹង ជាមួយនឹងប៉ម ឡដុត និងបណ្តាញបំពង់បង្ហូរប្រេង ដែលរាយប៉ាយពាសពេញ ។ គម្រោងកែច្នៃធ្យូងថ្មទៅជាប្រេងលំដាប់ពិភពលោកនេះ ដំណើរការប្រកប ដោយប្រសិទ្ធភាពទាំងយប់ទាំងថ្ងៃ សមិទ្ធផលទាំងនេះគឺជាភស្តុតាង នៃការងារដ៏ឧស្សាហ៍ព្យា​យាម​របស់ក្រុមវិស្វករឆ្នើមរបស់ប្រទេសចិន។
លោក Zhang Lele អនុប្រធានរោងចក្រកែច្នៃធ្យូងថ្មទៅជាប្រេងបានថ្លែងថា ការសង្កត់ធ្ងន់របស់ប្រធានរដ្ឋចិនលោក Xi Jinping ដែលថា “សង្គមនិយមត្រូវបានបង្កើតឡើង តាមរយៈការខិតខំប្រឹងប្រែង” គឺជាគោលការណ៍ណែនាំសម្រាប់ពួកគេ ក្នុងការបំពេញការងារនៅវាលខ្សាច់ហ្គោប៊ី។
លោក Zhang Lele បានរំលឹកឡើងវិញថា ​ ជាងមួយទសវត្សរ៍មុន ឧស្សាហកម្មគីមីធ្យូងថ្មទ្រង់ទ្រាយធំ របស់ប្រទេសចិនបានប្រឈមមុខ នឹងការលំបាកជាច្រើន។ បច្ចេកទេសស្នូល និងឧបករណ៍សំខាន់ៗ សម្រាប់ការកែច្នៃធ្យូងថ្មទៅជាប្រេងត្រូវបានផ្តាច់មុខទាំងស្រុងដោយបរទេស។ នៅពេលដែលចិនចង់នាំចូលពួកវា គូភាគីបានទាមទារតម្លៃថ្លៃហួសហេតុ ឬធ្វើការបិទខ្ទប់តែម្តង ។

ក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្មនីងសៀ បានធ្វើការសម្រេចចិត្តភ្លាមៗ ដោយបោះបង់ចោលការ នាំចូលបច្ចេកទេស និងប្រកាន់ខ្ជាប់ការប្រើប្រាស់បច្ចេកទេស ដែលអភិវឌ្ឍដោយខ្លួនឯង សម្រាប់គម្រោងនេះ ។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៣ ការតស៊ូដើម្បីយកឈ្នះលើ ឧបសគ្គបច្ចេកទេស បានចាប់ផ្តើមនៅក្នុងវាលខ្សាច់ហ្គោប៊ី ។ វិស្វករ និងបុគ្គលិកបច្ចេកទេសបានធ្វើការទាំងយប់ទាំងថ្ងៃ នៅទីចុងក្រោយបំផុត បានបញ្ចប់គម្រោងក្នុង រយៈពេលត្រឹមតែ ៣៩ ខែប៉ុណ្ណោះ ដែលដើមឡើយបានគ្រោងទុកការសាងសង់រយៈពេលប្រាំឆ្នាំ ។
នៅចុងឆ្នាំ ២០១៦ គម្រោងនេះ បានបញ្ចប់ការសាកល្បងកែច្នៃជាលើកដំបូងដោយជោគជ័យ និងក្លាយជាគម្រោងកែច្នៃធ្យូងថ្ម ទៅជាប្រេងដ៏ធំបំផុតលើពិភពលោក ។ ប្រការនេះជានិមិត្តសញ្ញាបង្ហាញថា​​ ទីបំផុតប្រទេសចិន បានសម្រេចគម្រោងកែច្នៃធ្យូងថ្ម ទៅជាប្រេងទ្រង់ទ្រាយធំរបស់ខ្លួន ដោយបំបែកភាពផ្តាច់មុខពីបរទេសទាំងស្រុង។

នៅឆ្នាំដដែលនោះ ក្នុងដំណើរចុះត្រួតពិនិត្យការងារនៅទីនេះ ប្រធានរដ្ឋចិនលោក Xi Jinping ​ បានចេញសេចក្តីអំពាវនាវដ៏មហិមាថា “សង្គមនិយមត្រូវបានបង្កើតឡើងតាមរយៈការខិតខំប្រឹងប្រែង” ដែលបានលើកទឹកចិត្តវិស្វករឱ្យឈានទៅមុខឥតឈប់ឈរ។ សព្វថ្ងៃនេះ គម្រោងនេះមិនត្រឹមតែសម្រេចបាននូវការពុះពារឧបសគ្គផ្នែកបច្ចេកទេសាប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាប្រភពនៃធនធានមនុស្សផងដែរ ដោយបានបណ្តុះបណ្តាលវិស្វករជិតមួយម៉ឺននាក់។ ដោយមានការតស៊ូ និងជំនាញវិជ្ជាជីវៈ ពួកគេបាននិងកំពុងរួមចំណែដល់កិច្ចការថាមពលចិន នៅក្នុងវាលខ្សាច់ហ្គោប៊ី ដើម្បីបំពេញបំណងប្រាថ្នាដើមរបស់ពួកគេក្នុងការបម្រើប្រទេសជាតិតាមរយៈការងារជាក់ស្តែង៕

To Top