ពីវីរភាពកម្មករ ទៅយុគមាសបច្ចេកវិទ្យា ៖ ប្រទេសចិន ក្នុងផ្លូវទំនើបកម្មសង្គមនិយម
គិតដល់ត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះ គឺជាខួប១៤០ឆ្នាំនៃទិវាពលកម្មអន្តរជាតិ ហើយក៏ជារយៈពេល ៧៦ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិន តែងរៀបចំប្រារព្ធពិធី ដ៏មានគុណតម្លៃនេះ ដោយទិវានេះមិនត្រឹមតែជា ឱកាសដ៏មានន័យសម្រាប់រំលឹកពីតម្លៃ និងវីរភាពរបស់កម្មករចិន ក្នុងការកសាងប្រទេសចិន ថ្មីប៉ុណ្ណោះទេ តែថែមទាំងជាការធ្វើឱ្យប្រសើឡើង នូវសេដ្ឋកិច្ចរបស់ប្រទេសចិន រួមទាំងភាពទំនើបជាលំដាប់ នៃសង្គមចិនស្របតាម ត្រីវិស័យដែលបានគូសវាសតាំងពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

សម្រាប់សាធារណរដ្ឋប្រជាមានិតចិន ទិវានេះមានន័យលើសពីការអបអរសាទរ ប៉ុន្តែជាការបញ្ជាក់ពីតួនាទីដ៏មហាប្រពៃរបស់កម្មករនៅក្នុងប្រវត្តិសាស្ត្រចិន ដោយកម្មករបានរួម ចំណែកយ៉ាងសកម្មនិងខ្លាំងក្លា ក្នុងការកសាងប្រទេសចិន ពីស្ថានភាពក្រីក្រ ទន់ខ្សោយផ្នែកបច្ចេកវិទ្យា ទៅជាប្រទេសមហាអំណាច សេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោក ហើយនាំបច្ចេកវិទ្យាចិនឱ្យពិភពលោក ស្គាល់ពីយុគសម័យមាសនៃការអភិវឌ្ឍជឿនលឿន។
ចាប់តាំងពីការបង្កើតប្រទេស នៅឆ្នាំ១៩៤៩មក កម្លាំងកម្មករចិន បានក្លាយជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិ ដោយបានចូលរួមយ៉ាងសកម្ម ក្នុងការស្ថាបនាឧស្សាហកម្មធុនធ្ងន់ កសាងហេដ្ឋារចនាសម្ព័ន្ធ និងបំលែងសេដ្ឋកិច្ចជាតិឱ្យក្លាយជាប្រព័ន្ធឧស្សាហកម្មទំនើប។ វីរភាពនៃកម្មករចិនក្នុងការធ្វើការយ៉ាងខិតខំ និងការលះបង់ផ្ទាល់ខ្លួន បានបង្កើតគោលដៅរួមមួយសម្រាប់សង្គម គឺការកសាងប្រទេសចិនឱ្យកាន់តែរឹងមាំ និងឯករាជ្យភាពលើបច្ចេកវិទ្យា។ គុណតម្លៃសំខាន់មួយដែលបង្ហាញក្នុងកម្មករចិន គឺ «ការខិតខំប្រឹងប្រែង និងវិន័យ» ដែលបានបង្កើតវប្បធម៌ការងារ ដែលមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ កម្មករចិនបានបង្ហាញពីស្មារតី «ការរៀន និងការច្នៃប្រឌិតជាបន្តបន្ទាប់» ដែលជាគ្រឹះសម្រាប់ការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ចិន។ ទិន្នន័យបង្ហាញថា ចិនផលិតមូលធនមនុស្សផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រជាច្រើនលាននាក់ក្នុងមួយឆ្នាំ ដែលជាកម្លាំងសំខាន់ក្នុងការបង្កើតបច្ចេកវិទ្យាថ្មីៗ និងឧស្សាហកម្មឌីជីថល ហើយចិនក៏ជាថ្នាលមជ្ឈមណ្ឌលបណ្តុះបណ្តាលមូលធនមនុស្សដល់ពិភពលោកផងដែរ។
ក្នុងបរិបទ នៃការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន កម្មករមិនត្រឹមតែជាកម្លាំងផលិតកម្មទេ ប៉ុន្តែជាអ្នកច្នៃប្រឌិត និងអ្នកដឹកនាំការផ្លាស់ប្តូរ ។ គម្រោងធំៗដូចជាស្ថានីយ អាវកាសធានកុងដែលជាទឡ្ហីករណ៍បង្ហាញយ៉ាងច្បាស់ពីសមត្ថភាពរបស់កម្មករ និងវិស្វករ ដែលអាចបង្កើតបច្ចេកវិទ្យា កម្រិតខ្ពស់ និងប្រកួតប្រជែងលើឆាកអន្តរជាតិ។ ការស្រាវជ្រាវនៅក្នុងអវកាស ប្រទេសចិនមិនត្រឹមតែជាការរីកចម្រើនវិទ្យាសាស្ត្រទេ ប៉ុន្តែអាចនាំប្រទេស ចិនទៅរកការអភិវឌ្ឍបច្ចេកវិទ្យាថ្មី សម្រាប់ថាមពលស្អាត ការពារបរិស្ថាន និងសន្តិសុខថាមពលផងដែរ លើសពីនេះ វាក៏ជាបុព្វបទជួយដល់កសិករ ចិនបង្កើនជីវភាពកាន់តែប្រពៃ និងនាំកសិករចិនក្លាយជាអ្នកធានាយ៉ាងមុតមាំ ដល់សន្តិសុខស្បៀងរបស់ប្រជាជនចិន ស្របពេលដែលបណ្តាប្រទេសនានា កំពុងស្វះស្វែងរកមាគ៌ាទៅសម្រេចបាននូវរបៀបវារៈរបស់អង្គការសហប្រជាជាតិ លើការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ កម្មករចិនក៏បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរទិសដៅអភិវឌ្ឍទៅរកសេដ្ឋកិច្ចបៃតងតាំងពីផែនការ៥ឆ្នាំលើកទី១៤។ ការវិនិយោគលើថាមពលព្រះអាទិត្យ ថាមពលខ្យល់ និងបច្ចេកវិទ្យាកាត់បន្ថយកាបូន បានធ្វើឲ្យចិនក្លាយជាអ្នកដឹកនាំ ក្នុងវិស័យថាមពលស្អាត។ កម្លាំងកម្មករដែលមានជំនាញខ្ពស់ក្នុងវិស័យវិស្វកម្ម និងបច្ចេកវិទ្យា គឺជាថាមពលចម្បង ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍបៃតងនេះ។
ជាសច្ចភាព ការបណ្តុះបណ្តាល មូលធនមនុស្ស គឺជាគន្លឹះសំខាន់ក្នុងការរក្សាបាននូវល្បឿនអភិវឌ្ឍនេះ។ ប្រទេសចិនបានបង្កើន ការវិនិយោគលើការអប់រំបច្ចេកវិទ្យា និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីធានាថាកម្មករជំនាន់ថ្មីមានសមត្ថភាពបំពេញតម្រូវការនៃសេដ្ឋកិច្ចឌីជីថល និងបៃតង។ កម្មករថ្មីៗមិនត្រឹមតែមានជំនាញបច្ចេកទេសទេ ប៉ុន្តែមានការយល់ដឹងអំពីការអភិវឌ្ឍប្រកបដោយចីរភាព និងការពារបរិស្ថានផងដែរ។ នៅក្នុងបរិបទអន្តរជាតិ ការរីកចម្រើនរបស់កម្មករចិនបានបង្ហាញថា កម្លាំងមូលធនមនុស្សរបស់ប្រទេសចិន គឺជាគន្លឹះក្នុងការប្រកួតប្រជែងសកល។ ពីការផលិតឧស្សាហកម្មធុនធ្ងន់ ដល់បច្ចេកវិទ្យាឌីជីថល និងអវកាស កម្មករចិនបានបង្ហាញពីសមត្ថភាព ក្នុងការបង្កើតនិងដឹកនាំ «យុគមាសនៃបច្ចេកវិទ្យា» ដែលពិភពលោកកំពុងទទួលស្គាល់ថាជាសតវត្សរ៍ចិន។
ជារួម ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាការរំលឹកថា កម្មករជាមូលដ្ឋាននៃការរីកចម្រើនទាំងអស់ ហើយសម្រាប់ប្រទេសចិន គុណតម្លៃរបស់កម្មករ បានជំរុញឲ្យប្រទេសអាចសម្រេចគោលដៅធំៗក្នុងការកសាងជាតិ និង ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ នេះជាភស្តុតាងថា កម្លាំងកម្មករចិនមិនត្រឹមតែជាអ្នកសាងសំណង់គ្រឹះអតីតកាលដ៏រឹងមាំទេ ប៉ុន្តែជាអ្នកបង្កើតអនាគតដ៏មហិមាជូនដល់ប្រទេសចិន និងនាំបណ្តាប្រទេស នានាប្រកៀកស្មារជាមួយប្រទេសចិន ក្នុងការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិថែមទៀតផង៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
