ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន​ ប្ដេជ្ញាបន្តប្រឹងប្រែងដេីរតួ ជាអ្នកសម្របសម្រួល​ ដើម្បីបញ្ចប់ជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

អ៊ីស្លាម៉ាបាដ៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសប៉ាគីស្ថាន លោក Reza Amiri Moghadam បានឧ្យដឹងថា​ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួល របស់ប៉ាគីស្ថាន​ នៅតែដដែល​ ដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការ លោកបេសកជនរូបនេះបានឧ្យដឹងថា ផែនការចរចាថ្មីរបស់អ៊ីរ៉ង់ដែលមានគោលបំណង បញ្ចប់ជម្លោះរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក​ ត្រូវបានប្រគល់ជូនប្រទេសប៉ាគីស្ថានថ្មីៗនេះ ក្នុងនាមជាអ្នកសម្របសម្រួល សំខាន់នៅក្នុងដំណើរការបច្ចុប្បន្ន ហើយថ្នាក់ដឹកនាំរបស់ប្រទេសនេះបានផ្ទេរវាទៅឱ្យទីក្រុងវ៉ាស៊ីនតោន។

ឯកអគ្គរដ្ឋទូតរូបនេះបានលេីកឡេីងថា “ទីក្រុងតេអេរ៉ង់​ មានតម្លាភាពនៅក្នុងជំហរ និងការទាមទាររបស់ខ្លួន ហើយវាអាស្រ័យលើសហរដ្ឋអាមេរិកថា ប្រសិនបើខ្លួនកំពុងស្វែងរកដោយស្មោះ​ ដើម្បីដោះស្រាយបញ្ហា និងរបកគំហើញក្នុងការចរចា វាត្រូវតែផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន”។

លោក​បាន​បន្ដ​ថា មនុស្ស​គ្រប់​គ្នា​ក្នុង​តំបន់ និង​ពិភពលោក​កំពុង​រង់ចាំ​លទ្ធផល​នៃ​កិច្ចពិភាក្សា ដោយ​បន្ថែម​ថា អ៊ីរ៉ង់ ខណៈ​ពេល​ដែល​កំពុង​ផ្តល់​វិធានការ​ចាំបាច់​ដើម្បី​ការពារ​ប្រទេស​នេះ នៅ​តែ​ប្តេជ្ញា​ចិត្ត​ដើរ​តាម​មាគ៌ា​ការទូត៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top