អ៊ីរ៉ង់វាយប្រហារ និងបង្កឲ្យមានការឆេះខ្លាំង នៅទីតាំងផលិតប្រេង របស់អារ៉ាប់រួមមួយកន្លែង
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT និងការឆ្លើយឆ្លងជាមួយ នឹងអាជ្ញាធរក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់ជនជាតិឥណ្ឌា បីនាក់ បានរងរបួសនៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកលើទីតាំងឧស្សាហកម្មប្រេងដ៏សំខាន់មួយក្នុងទីក្រុង Fujairah របស់ប្រទេសអារ៉ាប់រួម ។
ប្រភពដដែលបានសរសេរទៀតថា ឧបទ្ទវហេតុនេះបានកើតឡើង ខណៈដែលក្រសួងការពារជាតិបានរាយការណ៍ថា ខ្លួនបានបាញ់ទម្លាក់ការវាយប្រហារ ដោយមីស៊ីលអ៊ីរ៉ង់ និងយន្តហោះគ្មានមនុស្សបើកនៅមុននេះ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលទីក្រុងអេមីរ៉េត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Facebook កាលពីថ្ងៃចន្ទថា ការវាយប្រហារបានកំណត់គោលដៅទៅលើតំបន់ឧស្សាហកម្មប្រេង Fujairah និងបានបណ្តាលឱ្យមាន “ភ្លើងយ៉ាងសន្ធោសន្ធៅ” នៅទីតាំងនោះ ។ យោងតាមអាជ្ញាធរ ជនជាតិឥណ្ឌាដែលរងការវាយប្រហារបានរងរបួសមធ្យម ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យរួចរាល់ហើយដែរ។
នៅព្រឹកថ្ងៃដដែលនោះដែរ ក្រសួងការពារជាតិ នៃរដ្ឋាភិបាលទីក្រុងអារ៉ាប់រួមបាននិយាយថា មីស៊ីលរបស់អ៊ីរ៉ង់ចំនួនបីគ្រាប់ ត្រូវបានបាញ់ទំលាក់ដោយជោគជ័យលើដែនទឹករបស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
