ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ អះអាងថា គ្មានដំណោះស្រាយយោធា​ ចំពោះវិបត្តិនយោបាយនោះទេ

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ព្រឹត្តិការណ៍នៅក្នុងច្រកសមុទ្រហ័រមូស បង្ហាញយ៉ាងច្បាស់ថា គ្មានដំណោះស្រាយយោធា ចំពោះវិបត្តិនយោបាយនោះទេ។

នៅក្នុងការបង្ហោះមួយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Araghchi បានឧ្យដឹងថា ខណៈពេលដែលការចរចា កំពុងមានវឌ្ឍនភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន «សហរដ្ឋអាមេរិកគួរតែប្រុងប្រយ័ត្ន​ ចំពោះការអូសទាញត្រឡប់ទៅក្នុងភាពច្របូកច្របល់ ដោយអ្នកដែលមានចេតនាអាក្រក់​ ដូច្នេះអេមីរាត ក៏គួរតែធ្វើដូច្នេះដែរ»។

ការលេីកឡេីងរបស់លោក​ ធ្វេីឡេីងបន្ទាប់ពីលោក Brad Cooper ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឧ្យដឹងថា យោធាអាមេរិក​ បានលិចទូកតូចៗអ៊ីរ៉ង់ចំនួន ៦ គ្រឿងនៅច្រកសមុទ្រហ័រមូស។

លោក Cooper បានប្រាប់សន្និសីទសារព័ត៌មានមួយថា ទូកអ៊ីរ៉ង់ទាំងនោះត្រូវបានវាយប្រហារដោយឧទ្ធម្ភាគចក្រ Apache និង MH-60 Seahawk របស់សហរដ្ឋអាមេរិក។

ការវាយប្រហារនេះធ្វេីឡេីងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក​ នឹងចាប់ផ្តើមដឹកនាំនាវាចេញពីច្រកសមុទ្រហ័រមូស នៅព្រឹកថ្ងៃចន្ទ ម៉ោងនៅមជ្ឈិមបូព៌ា។

លោក​ Cooper បានបដិសេធថា មាន “អ្នកអមដំណើរ” នៃនាវាពាណិជ្ជកម្មដោយកងទ័ពជើងទឹកអាមេរិកនៅក្នុងច្រកសមុទ្រ ប៉ុន្តែបានឧ្យដឹងថា មន្ទីរបញ្ចកោណផ្តល់ការការពារ “ច្រើនស្រទាប់” សម្រាប់ពួកគេ។

លោក​បាន​លេីកឡេីង​ថា «ប្រសិន​បើ​អ្នក​កំពុង​អម​ដំណើរ​កប៉ាល់ នោះអ្នក​កំពុង​លេង​មួយ​ទល់​នឹង​មួយ។ ខ្ញុំ​គិត​ថា​យើង​មាន​ការ​រៀបចំ​ការពារ​កាន់​តែ​ប្រសើរ​ឡើង​ក្នុង​ដំណើរការ​នេះ ដែល​យើង​មាន​ស្រទាប់​ច្រើន​ដែល​រួម​មាន​កប៉ាល់ ឧទ្ធម្ភាគចក្រ យន្តហោះ ការ​ព្រមាន​ជាមុន​តាម​អាកាស និង​សង្គ្រាម​អេឡិចត្រូនិក» ។

លោកបន្ថែម​ថា «យើង​មាន​កញ្ចប់​ការពារ​កាន់​តែ​ ទូលំទូលាយ​ជាង​ពេល​ណាៗ​ទាំងអស់ ប្រសិន​បើ​អ្នក​គ្រាន់​តែ​អម​ដំណើរ»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top