ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ៖ ការអនុម័តកម្មវិធីសិក្សាទំនើប គឺជាស្ពានសម្រាប់យុវជនកម្ពុជា ទៅកាន់ឱកាសការងារសកល

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអនុម័តកម្មវិធីសិក្សាទំនើប រួមបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិត (AI) ជាស្ពានសម្រាប់យុវជនកម្ពុជា ទៅកាន់ឱកាសការងារសកល។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានធ្វើឡើងក្នុងពិធីអបអរសាទរ «ខួប ១៨ ឆ្នាំ នៃផលជះវិជ្ជមាន និងបរិវត្តកម្មក្នុងវិស័យអប់រំ និងការសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នៃកម្មវិធីអន្តរជាតិ Pearson Edexcel» នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

លោក ឧបនាយករដ្ឋមន្ត្រី បានថ្លែងការអបអរសាទរចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងរយៈពេល ១៨ ឆ្នាំកន្លងមកនេះ ជាពិសេសការនាំយកកម្មវិធីសិក្សាអន្តរជាតិ Pearson Edexcel មកកាន់កម្ពុជា។ នេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ទីផ្សារការងារ។

ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការអនុម័តកម្មវិធីសិក្សា ទំនើបដែលរួមបញ្ចូល ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិត (AI) មិនត្រឹមតែជួយឱ្យសិស្សទទួលបានបំណិនសតវត្សទី២១ ប៉ុណ្ណោះទេ ថែមទាំងជាស្ពានសម្រាប់យុវជនកម្ពុជាទៅកាន់ឱកាសការងារសកល តាមរយៈស្ដង់ដារអប់រំកម្រិត A Level របស់ចក្រភពអង់គ្លេស ដែលនឹងជួយពង្រឹងសមត្ថភាពសិស្ស ឱ្យត្រូវនឹងជំនាញដែលអាជីវកម្ម និងសហគ្រាសនានា កំពុងត្រូវការ»។

បន្ថែមលើនេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីតួនាទីមិនអាចខ្វះបាន នៃវិស័យឯកជន ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព អប់រំនៅកម្ពុជា។ ការកែលម្អកម្មវិធីសិក្សាជាប្រចាំ ការបណ្ដុះបណ្ដាលគ្រូបង្រៀន ស្របតាមស្ដង់ដារអន្តរជាតិ និងការចូលរួមយ៉ាង សកម្មពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល គឺជាកត្តាគន្លឹះយ៉ាងសំខាន់​​ ក្នុងការបង្កើតនូវបរិយាកាសសិក្សាមួយដែលឆ្លុះបញ្ចាំងពីចំណេះដឹង និងបំណិនពិតប្រាកដរបស់សិស្ស៕

To Top