យូអិនស្វាគមន៍ ការសម្រេចចិត្ត អនុវត្តបទឈប់បាញ់ គ្នារវាងរដ្ឋាភិបាល ទីក្រុងមូស្គូនិងទីក្រុងគៀវ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសហប្រជាជាតិស្វាគមន៍បទ ឈប់បាញ់ឯកតោភាគី ដែលប្រកាសរៀងៗខ្លួនដោយអ៊ុយក្រែន និងរុស្ស៊ី។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖យើងស្វាគមន៍បទឈប់បាញ់ឯកតោភាគីដែលប្រកាសដោយអ៊ុយក្រែនដែលនឹងចាប់ផ្តើមនៅយប់ថ្ងៃទី៥ដល់ថ្ងៃទី៦ខែឧសភា ក៏ដូចជាមួយដោយសហព័ន្ធរុស្ស៊ីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨និង ៩ខែឧសភា។
លោក Dujarric បានប្រាប់សន្និសីទ សារព័ត៌មាន ប្រចាំថ្ងៃទៀតដែរថា លោកអគ្គលេខាធិការទន្ទឹង រង់ចាំការអនុវត្តប្រកបដោយជោគជ័យរបស់ពួកគេ ហើយបញ្ជាក់ឡើងវិញនូវការ អំពាវនាវរបស់លោកឱ្យ មានការឈប់បាញ់ពេញលេញ ភ្លាមៗ គ្មានលក្ខខណ្ឌ និងយូរអង្វែង ដែលនាំទៅរកសន្តិភាពដ៏ត្រឹមត្រូវ ទូលំទូលាយ និងនិរន្តរភាព ស្របតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធ របស់អង្គការសហប្រជាជាតិ។
គួរឲ្យដឹងដែរថាក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃចន្ទបានប្រកាស បទឈប់បាញ់ថ្ងៃជ័យជម្នះ ៨និង៩ ឧសភា។ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាស កាលពីយប់ថ្ងៃចន្ទថា អ៊ុយក្រែននឹងចាប់ផ្តើមបទឈប់បាញ់ ជាមួយរុស្ស៊ីចាប់ពីថ្ងៃពុធ៕
ប្រែសម្រួល៖ស៊ុនលី
