យន្តហោះធុនតូចមួយគ្រឿង ហោះទៅបុកអគារមួយ នៅប្រទេសប្រេស៊ីល បណ្តាលឱ្យមនុស្សស្លាប់៣នាក់
បរទេស៖ យោងតាមមន្ត្រីមូលដ្ឋាន និងអ្នកពន្លត់អគ្គីភ័យ បានឱ្យដឹងថា យន្តហោះ Embraer 721C ធុនតូចមួយគ្រឿង ដែលមានម៉ាស៊ីនតែមួយ បានហោះបុកអគារលំនៅដ្ឋានមួយក្នុងទីក្រុង Belo Horizonte ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងពីរនាក់បានរួចផុត ពីគ្រោះថ្នាក់ដោយអព្ភូតហេតុ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ថា យន្តហោះមួយគ្រឿងនេះ ដែលមានមនុស្ស ៥នាក់នៅលើយន្តហោះ ត្រូវបានគេរាយការណ៍ថា បានហោះចេញពីអាកាសយានដ្ឋាន Pampulha នៅម៉ោង ១២៖១៦នាទី រសៀល ហើយបានធ្លាក់ប៉ុន្មាននាទី ក្រោយមកនៅក្នុងសង្កាត់ Silveira។ សេវាសង្គ្រោះបន្ទាន់ ត្រូវបានហៅទៅកាន់កន្លែងកើតហេតុនៅម៉ោងប្រហែល ១២៖២៥នាទី រសៀល។
វីដេអូដែលផ្សាយតាមអ៊ីនធឺណិត បង្ហាញពីយន្តហោះកំពុងហោះទាបពីលើតំបន់នោះ ហាក់ដូចជាកំពុងព្យាយាមគេចពីអគារខ្ពស់ៗ មុនពេលបុកចូលចំហៀងអគារ លំនៅដ្ឋានកម្ពស់៤ជាន់។
មិនមានអ្នករស់នៅក្នុងអគារនេះ ត្រូវបានគេរាយការណ៍ថារងរបួសនោះទេ។ យោងតាមវីដេអូក្រាហ្វិកមួយផ្សេងទៀត ពួកគេបានព្យាយាមជួយ អ្នករស់រានមានជីវិតម្នាក់ ដែលបានរងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ៕
