ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា បើកកិច្ចប្រជុំ ត្រៀមចូលរួមមហាសន្និបាត សុខភាពពិភពលោក លើកទី៧៩ នៅស្វីស

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានដឹកនាំក្រុមការងារ បច្ចេកទេស នៃក្រសួងសុខាភិបាល ជួបប្រជុំពិភាក្សា ជាមួយក្រុមការងារជំនាញ ដឹកនាំដោយ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា សម្រាប់ត្រៀមចូលរួមមហាសន្និបាត សុខភាពពិភពលោក លើកទី៧៩ (WHA79) ចាប់ពីថ្ងៃទី១៨-២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ។

កិច្ចប្រជុំដឹកនាំដោយលោកសាស្ត្រាចារ្យ ឈាង រ៉ា នេះ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពិភាក្សា និងពិនិត្យវឌ្ឍនភាពនៃការរៀបចំឯកសារ និងការជ្រើសរើសប្រធានបទអន្តរាគមន៍សំខាន់ៗ ដែលប្រតិភូក្រសួងសុខាភិបាលកម្ពុជា នឹងចូលរួមមហាសន្និបាតសុខភាពពិភពលោកលើកទី៧៩

សូមបញ្ជាក់ថា របៀបវារៈជាអាទិភាព ដែលប្រតិភូក្រសួងសុខាភិបាល កំពុងផ្តោតជាពិសេសរួមមាន បទអន្តរាគមន៍ ៖ លើការប្តេជ្ញាចិត្ត លុបបំបាត់ជំងឺគ្រុនចាញ់ , គោលនយោបាយ និងយុទ្ធសាស្ត្រលើការគ្រប់គ្រង ផលិតផលថ្នាំជក់ , ប្រព័ន្ធសុខាភិបាល មានភាពធន់ជាពិសេស សុខភាពតែមួយ , ការគ្រប់គ្រងជំងឺឆ្លង ជាពិសេសកត្តាហានិភ័យ , ការគ្របដណ្តប់សុខភាពសកល តាមរយៈថែទាំសុខភាពបឋម រួមទាំងសុខភាពផ្លូវចិត្ត , ការបម្រើសេវាសុខភាពដែលផ្តោតលើប្រជាជន និងការអភិវឌ្ឍធនធានមនុស្ស ។
ជាមួយគ្នានេះ ក៏ផ្តោតលើការធានាគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ផលិតផលវេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្ត , ប្រព័ន្ធព័ត៌មានសុខាភិបាល រួមទាំងសុខាភិបាលឌីជីថល , សេវាផ្តល់ថ្នាំបង្ការប្រកបដោយគុណភាព , ផែនការត្រៀមលក្ខណៈឆ្លើយតបបន្ទាន់បញ្ហាសុខភាពសាធារណៈ , ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងសុវត្ថិភាពអ្នកជំងឺ និងសុវត្ថិភាពការវះកាត់ ៕

To Top