អាមេរិក នឹងផ្អាកប្រតិបត្តិការយោធារបស់ខ្លួន ដែលដឹកនាំកប៉ាល់ចេញ ពីច្រកសមុទ្រហ័រមូស
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា គម្រោង Freedom ដែលជាប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងដឹកនាំកប៉ាល់ ចេញពីច្រកសមុទ្រហ័រមូស នឹងត្រូវផ្អាក ដើម្បីមើលថាតើកិច្ចព្រមព្រៀងសន្តិភាព អាចសម្រេចបានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដែរឬអត់។
លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “ខណៈពេលដែលការបិទផ្លូវនឹងនៅតែមានសុពលភាពពេញលេញ គម្រោង Freedom (ចលនាកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូស) នឹងត្រូវផ្អាកក្នុងរយៈពេលខ្លី ដើម្បីមើលថាតើកិច្ចព្រមព្រៀងអាចត្រូវបានបញ្ចប់ និងចុះហត្ថលេខា ដែរឬអត់”។
លោក ត្រាំ បានលេីកឡេីងថា ការសម្រេចចិត្តនេះគឺផ្អែកលើសំណើរបស់ប៉ាគីស្ថាន និងប្រទេសដទៃទៀត ក៏ដូចជា “វឌ្ឍនភាពដ៏អស្ចារ្យ ដែលសម្រេចបានឆ្ពោះទៅរកកិច្ចព្រមព្រៀងពេញលេញ និងចុងក្រោយជាមួយតំណាងអ៊ីរ៉ង់”។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឧ្យដឹងថា យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមរួមគ្នាជាមួយអ៊ីស្រាអែល នៅថ្ងៃទី២៨ ខែកុម្ភៈ គឺចប់ហើយ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានប្តូរការផ្តោតអារម្មណ៍ទៅ Project Freedom ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបើកផ្លូវទឹកថាមពលសកលដ៏សំខាន់ឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា
