ក្រសួងវប្បធម៌ នឹងចាត់វិធានច្បាប់គ្រប់បុគ្គលណា បន្តកែច្នៃ និងប្រើគ្រឿងលម្អ ដែលយកតាមគំរូ គ្រឿងឥស្សរិយយស ខ្ពស់បំផុតរបស់ជាតិ
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះគ្រប់បុគ្គលណា បន្តកែច្នៃ និងប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូ «គ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ជាតិ» ។
ការព្រមានចាត់វិធានការ របស់ ក្រសួងវប្បធម៌ បន្ទាប់ពីក្រសួងវប្បធម៌ សង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការប្រើប្រាស់ និងការបង្ហោះរូបភាព តាមបណ្តាញសង្គម អំពីការតុបតែងសម្លៀកបំពាក់ និងគ្រឿងលម្អ ក្នុងទម្រង់នៃការ រៀបចំអាពាហ៍ពិពាហ៍ ដែលគ្រឿងលម្អខ្លះប្រាសចាក អំពីតម្លៃដើមនៃគ្រឿងលម្អ ក្នុងអាពាហ៍ពិពាហ៍ខ្មែរ ជាពិសេស ការកែច្នៃគ្រឿងលម្អ ដោយយកគំរូតាម គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឌភណ្ឌគ្រងរាជសម្បត្តិ ដែលជាគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ជាតិ ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ បានបញ្ជាក់ជាថ្មីថា គ្រឿងឥស្សរិយយស ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឡើង សម្រាប់ថ្វាយព្រះអង្គតែមួយព្រះអង្គគត់។ ការកែច្នៃ ឬការច្នៃប្រឌិត ដោយយកតាមគំរូនេះ គឺជា កំហុសពុំអាចលើកលែងបាន នឹងត្រូវផ្តន្ទាទោសតាមមាត្រា ៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។
ក្នុងន័យនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំគ្រប់បុគ្គលទាំងឡាយ ដែលបានកែច្នៃ ដែលបានប្រើប្រាស់ គ្រឿងលម្អកែច្នៃ និងដែលបានផ្សព្វផ្សាយរូបភាព ជាមួយគ្រឿងលម្អនេះ ត្រូវបញ្ឈប់និងលុបចោលរូបភាពទាំងនេះ ជាបន្ទាន់។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងចាត់វិធានការ តាមផ្លូវច្បាប់ចំពោះគ្រប់បុគ្គលដែលនៅតែបន្តកែច្នៃ និង ប្រើប្រាស់គ្រឿងលម្អដែលយកតាមគំរូគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ជាតិ។
លើសពីនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក៏បានណែនាំដល់គ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈទាំង២៥រាជធានី-ខេត្ត បន្ត ពង្រឹងសកម្មភាពណែនាំ ដោយផ្ទាល់ដល់គ្រប់សិល្បករ សិល្បការិនី អាជីវករពាក់ព័ន្ធ អ្នកប្រកបមុខរបរសំអាងការ សិប្បកម្មកែច្នៃគ្រឿងអលង្ការ ហាងថតរូប និងអ្នកប្រកបមុខរបរ និងអាជីពផ្សេងទៀត ពាក់ព័ន្ធនឹងពិធីរៀបអាពាហ៍ពិពាហ៍ បញ្ឈប់ជាបន្ទាន់ និងចៀសវាងការបន្តប្រើ ប្រាស់គ្រឿងកែច្នៃតាមគំរូគ្រឿង ឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ៕
