ព័ត៌មានជាតិ

អគ្គមេបញ្ជាការ ជឿជាក់ថា ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជឿជាក់ថា ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រថ្មីមួយ នៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបញ្ចប់ដោយហ្វីលីពីន។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

ការបង្ហាញក្ដីជឿជាក់របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន នាឱកាសអនុញ្ញាតឱ្យលោកឧត្តមនាវីត្រី GLENN Z DIZON ប្រធានបេសកកម្ម នៃក្រុមសង្កេតការណ៍អាស៊ាន (AOT HOM)ហ្វីលីពីន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកឧត្តមនាវីត្រី GLENN Z DIZON បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំកម្ពុជា ដែលតែងបានសហការល្អ ជាមួយក្រុមសង្កេតការណ៍ ក្នុងអំឡុងពេលបំពេញបេសកកម្ម ដោយបានជួយជ្រោមជ្រែងរៀបចំសម្របសម្រួល ធ្វើឱ្យក្រុម (AOT) អនុវត្តការងារបានប្រសិទ្ធភាព សុវត្ថិភាព និងបរិយាកាសល្អប្រសើរ ។

លោកឧត្តមសេនីយ៍ត្រី GLENN Z DIZON បានសន្យាថា ក្នុងអាណត្តិបេសកកម្មរបស់លោក នឹងបន្តខិតខំបំពេញការងារឲ្យសកម្ម និងប្រកបដោយអព្យាក្រឹត្យភាព ដោយមិនឱ្យមានភាគីណារំលោភ ទៅភាគីណា ជាពិសេសការបង្កើនឡើងថែមទៀត ការល្បាតនៅតំបន់ព្រំដែន ដែលមានជម្លោះ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ ចំពោះវត្តមានរបស់ប្រធានក្រុមបេសកកម្ម AOT ថ្មី មកកាន់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់ AOT ក្នុងកិច្ចការងារនាពេលកន្លងមក។

ក្នុងនាមកម្ពុជាជារដ្ឋគ្រួសារអាស៊ាន នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់បណ្តាប្រទេសជាសមាជិកអាស៊ាន ដែលបានបង្ហាញពីការសាមគ្គីភាព ឯកភាព និង ការប្តេជ្ញាចិត្តរបស់អាស៊ាន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ជាពិសេសភាពតានតឹង នៃជម្លោះប្រដាប់អាវុធ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ជាថ្មី ពីជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែល មានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ព្រំដែន មិនកែប្រែដោយកម្លាំងប្រដាប់អាវុធ។

នាយឧត្តមសេនីយ៍ ក៏បានគូសបញ្ជាក់ពីការចូលរួមគាំទ្រ និង ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុម AOT ដើម្បីសម្របសម្រួល ដល់ការបំពេញភារកិច្ច សង្កេតការណ៍ សម្រាប់អាណត្តិថ្មី ដឹកនាំដោយប្រទេសហ្វីលីពីន ដោយ នាយឧត្តមសេនីយ៍ ជឿជាក់ថា «ហ្វីលីពីន នឹងកសាងប្រវត្តិសាស្ត្រថ្មីមួយនៃជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ ដែលបញ្ចប់ដោយហ្វីលីពីន»៕

To Top