អ្នកនាំពាក្យនាយករដ្ឋមន្រ្តី បញ្ជាក់ដំណើរ របស់សម្តេចធិបតី ចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅកោះសេប៊ូ
ភ្នំពេញ ៖ លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យ របស់នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ពីដំណើរ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា រួមដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦ ។
លោក មាស សុភ័ណ្ឌ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសសម្តេចធិបតីអញ្ជើញ ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៨ នៅកោះសេប៊ូ នៅអាកាសយានដ្ឋានមរតកតេជោ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ប្រព្រឹត្តទៅក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា”។ កិច្ចប្រជុំកំពូលនេះ នឹង ផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗ ទាក់ទងនឹងការ កសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ , ២) ស្ថិរភាពសន្តិសុខស្បៀង និង៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។
លោកថា ក្នុងឱកាស នៃកិច្ចប្រជុំកំពូលអាស៊ាននេះ សម្ដេចធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ។ ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលខាងលើ សម្ដេចធិបតី ក៏នឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់អត្ថប្រយោជន៍ ទៅវិញទៅមក និងផលប្រយោជន៍រួមផងដែរ។
លោកបន្ថែមថា សម្ដេចធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦៕
