ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ​ អះអាងថា អ៊ីស្រាអែលបានសម្របសម្រួល យ៉ាងពេញលេញជាមួយអាមេរិក​ លើបញ្ហាអ៊ីរ៉ង់ និងត្រៀមខ្លួនគ្រប់សេណារីយ៉ូ

យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់ហ៊ូ បានបដិសេធរបាយការណ៍ដែលថា អ៊ីស្រាអែល​ ត្រូវបានរំខានដោយចលនាការទូតរបស់ទីក្រុងវ៉ាស៊ីនតោន​ ចំពោះអ៊ីរ៉ង់ ដោយថា លោកកំពុងទាក់ទងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ ស្ទើរតែរាល់ថ្ងៃ ដើម្បីធានាបាននូវការសម្របសម្រួលពេញលេញ។

លោក ណេតាន់យ៉ាហ៊ូ​ បានឧ្យដឹងថា «យើងបន្តទាក់ទងជាមួយមិត្តភក្តិរបស់យើងនៅសហរដ្ឋអាមេរិក​ ខ្ញុំនិយាយជាមួយលោកប្រធានាធិបតី ត្រាំ ស្ទើរតែរាល់ថ្ងៃ។ ប្រជាជនរបស់ខ្ញុំ និងប្រជាជនរបស់លោក​ និយាយគ្នាជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃនេះផងដែរ»។

លោក ណេតាន់យ៉ាហ៊ូ​ បានលេីកឡេីងថា អ៊ីស្រាអែល «ត្រៀមខ្លួនសម្រាប់សេណារីយ៉ូទាំងអស់» ក្នុងការដោះស្រាយជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកមានគោលដៅដូចគ្នា «ដោយគោលដៅសំខាន់បំផុតគឺការដកយកសម្ភារៈចម្រាញ់ចេញពីអ៊ីរ៉ង់»។

មន្ត្រីអ៊ីស្រាអែល​ បានសម្តែងការគាំទ្រ​ ចំពោះការវាយប្រហារឡើងវិញលើអ៊ីរ៉ង់ ដោយអះអាងថា សមត្ថភាពនុយក្លេអ៊ែរ និងឃ្លាំងស្តុកមីស៊ីលផ្លោងរបស់ខ្លួននៅតែជាកង្វល់។

កាលពីព្រឹកថ្ងៃពុធ លោក ដូណាល់​ ត្រាំ បានចេញឱសានវាទថ្មីមួយ ដោយប្រាប់អ៊ីរ៉ង់ឱ្យទទួលយកកិច្ចព្រមព្រៀងមួយ​ ដើម្បីបញ្ចប់សង្គ្រាម ឬប្រឈមមុខនឹងរលកថ្មីនៃការទម្លាក់គ្រាប់បែក «ក្នុងកម្រិតខ្ពស់ និងអាំងតង់ស៊ីតេខ្ពស់ជាងមុន»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top