ក្រុមប្រឹក្សាធម្មនុញ្ញ ៖ ទឹកដីកម្ពុជា មិនអាចរំលោភបំពានបានដាច់ខាត
ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានគូសបញ្ជាក់ថា បូរណភាព ទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបំពាន បានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា នៅថ្ងៃ៧ ឧសភា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តួចផ្តើមយន្តការ នៃការផ្សះផ្សាដោយ ចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ពាក់ព័ន្ធនឹងតំបន់ទាមទារ ដែនសមុទ្រ ត្រួតគ្នានៅក្នុងឈូងសមុទ្រកម្ពុជា-ថៃ ។

សេចក្តីថ្លែងការណ៍បញ្ជាក់ទៀត រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា២ បានកំណត់យ៉ាងច្បាស់ថា បូរណភាព ទឹកដីរបស់កម្ពុជា មិនអាចរំលោភបំពានបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួនដែលមាន កំណត់ក្នុងផែនទីដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ ដូចនេះ ការប្រកាន់យកយន្តការច្បាប់អន្តរជាតិ ក្នុងដំណោះស្រាយព្រំដែន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំចំពោះសន្តិភាព ការសន្ទនា នីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមច្បាប់និងវិធានអន្តរជាតិ ដែលសហគមន៍អន្តរជាតិតែងប្រាថ្នា ចង់បាន ។
ក្រុមប្រឹក្សាធម្មនុញ្ញ គាំទ្រ និងជឿជាក់យ៉ាងមុតមាំ លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តការពាររដ្ឋធម្មនុញ្ញ និងឈានទៅសម្រេច បាននូវដំណោះស្រាយព្រំដែន ការពារបូរណភាពទឹកដី ការពារជាតិ មាតុភូមិ ឈរលើគោលការណ៍សន្តិភាពនិយម និងសន្តិវិធីក្រោម យន្តការច្បាប់ជាតិ និងច្បាប់អន្តរជាតិជាធរមាន៕
