ព័ត៌មានអន្តរជាតិ

កងកម្លាំងស្វ័យ ការពាររបស់ជប៉ុន បាញ់មីស៊ីលប្រឆាំង នាវាជាលើកដំបូង ក្នុងសមយុទ្ធយោធានៅហ្វីលីពីន

បរទេស៖ ប្រទេសជប៉ុន បានលុបចោលការហាមឃាត់ ក្រោយសង្គ្រាមមួយផ្សេងទៀត ដោយនៅថ្ងៃពុធបានបាញ់មីស៊ីលប្រភេទ Type 88 ពីដីទៅនាវា ជាលើកដំបូងនៅក្នុងប្រទេសហ្វីលីពីន ក្នុងអំឡុងពេលសមយុទ្ធយោធារួមគ្នា ដែលរួមមានសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។

ដោយមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ អាវុធនេះត្រូវបានរចនាឡើងដើម្បីកំណត់គោលដៅនាវាសត្រូវដែលចូលមកជិតតំបន់ឆ្នេរសមុទ្រ ដោយចង្អុលបង្ហាញពីការសង្កត់ធ្ងន់លើការបដិសេធដែនសមុទ្រ និងប្រតិបត្តិការការពារកោះ។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា កងកម្លាំងស្វ័យការពារជប៉ុន (SDF) បានដើរតួនាទីប្រយុទ្ធជាលើកដំបូងនៅក្នុងសមយុទ្ធយោធា Balikatan ឆ្នាំនេះ ដោយមានបុគ្គលិកប្រហែល ១.៤០០ នាក់ នាវាចម្បាំង និងយន្តហោះជាច្រើនគ្រឿង និងប្រព័ន្ធមីស៊ីលប្រឆាំងនាវាត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសហ្វីលីពីន។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន Shinjiro Koizumi បានចូលរួមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន Gilberto Teodoro Jr. ដើម្បីសង្កេតមើលសមយុទ្ធនៅ Paoay Sand Dunes ក្នុងខេត្ត Ilocos Norte នេះបើយោងតាមក្រសួងការពារជាតិនៅទីក្រុងម៉ានីល ដោយបន្ថែមថា កងទ័ពមកពីប្រទេសអូស្ត្រាលី ហ្វីលីពីន និងសហរដ្ឋអាមេរិកក៏បានចូលរួមក្នុងសមយុទ្ធនេះផងដែរ។
ប្រែសម្រួលៈ ណៃ តុលា

To Top