កម្ពុជា កំពុងបន្តធ្វើកំណែទម្រង់នានា សំដៅធ្វើយ៉ាងណាបង្កើត នូវបរិស្ថានវិនិយោគ
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តធ្វើកំណែទម្រង់នានា សំដៅធ្វើយ៉ាងណាបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចមួយដែលមានសុខភាពល្អ អាចឱ្យធុរជន និងវិនិយោគិនអាចទទួលបាន និងរីកលូតលាស់នៅកម្ពុជា ។

ក្នុងពិធីបើក «វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦» ក្រោមមូលបទ «លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ» នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបញ្ជាក់ថា តួអង្គសំខាន់មិនអាចខ្វះបានសម្រាប់វេទិកាវិនិយោគនាថ្ងៃនេះ គឺវិស័យឯកជន ពោលគឺធុរជន និងវិនិយោគិន ដែលរាជរដ្ឋាភិបាលតែងចាត់ទុកជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដូច្នេះការគិតគូរនិងជំរុញការអភិវឌ្ឍវិស័យឯកជន តែងជាកិច្ចការអាទិភាពមួយក្នុងរបៀបវារៈអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា «ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បាននិងកំពុងបន្តធ្វើកំណែទម្រង់នានា តាមរយៈការដាក់ចេញនូវច្បាប់ បទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ គោលនយោបាយ ផែនទីបង្ហាញផ្លូវ និងវិធានការនានា សំដៅធ្វើយ៉ាងណាបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចមួយដែលមានសុខភាពល្អ ដែលអាចឱ្យធុរជន និងវិនិយោគិនអាចទទួលបាន និងរីកលូតលាស់នៅកម្ពុជា»។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដែរថា ក.អ.ក. បាននិងកំពុងបន្តពង្រឹងគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវាសាធារណៈ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ ព្រមទាំងបានបង្កើតសេវាសាធារណៈឱ្យកាន់តែកៀកវិនិយោគិន ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជា (cdcIPM) និងប្រព័ន្ធបញ្ជរតែមួយជាតិ។

មួយវិញទៀត ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាគាំទ្រ និងសេវាថែទាំវិនិយោគ ក.អ.ក. ក៏បានបង្កើតក្រុមការងារសហបង្កើតធុរកិច្ច និងគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានានៅទីស្តីការ ក.អ.ក. ផ្ទាល់តែម្តង ដើម្បីអនុញ្ញាតឱ្យវិនិយោគិន អាចអញ្ជើញមកទទួលយកសេវា និងព័ត៌មានវិនិយោគជាទីគាប់ចិត្ត ព្រមទាំងកិច្ចសម្របសម្រួលនានា ប្រកបដោយផាសុកភាព ៕



