អ្នកជំនាញនយោបាយ ៖ អានុទីន នាំប្រទេសថៃ ឱ្យធ្លាក់ចុះទៅក្នុង នយោបាយប្រជាភិថុតិ
ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅដែលជាអ្នកជំនាញ ខាងនយោបាយ បានបញ្ជាក់ថា នាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុល ដែលកំពុងដឹកនាំប្រទេសថៃ នាពេលបច្ចុប្បន្ន កំពុងនាំប្រទេសឱ្យធ្លាក់ចុះទៅក្នុងនយោបាយប្រជាភិថុតិ ដើម្បីផលប្រយោជន៍បក្សខ្លួន ។
ការលើកឡើងរបស់អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ ស្របពេលកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមប្រឹក្សាសន្តិសុខរបស់ថៃបានប្រកាសដកខ្លួនដោយឯកតោភាគី ចេញពីអនុស្សរណៈនៃការយោគយល់គ្នា រវាងកម្ពុជា-ថៃ ឆ្នាំ២០០១ ឬហៅកាត់ថា MOU 2001 ។ បន្ទាប់មកកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្រ្តីថៃបានសម្រេចអនុម័តជាផ្លូវការ នូវសេចក្តីសម្រេចបញ្ចប់ MOU 2001 ។ ភ្លាមៗបន្ទាប់ពីអនុម័ត អានុទីន ឆានវីរៈគុល ក៏បានប្រកាសថា ការលុបនេះ មិនពាក់ព័ន្ធបញ្ហាព្រំដែន មិនពាក់ព័ន្ធជាមួយអន្តរជាតិទេ ប៉ុន្តែជានយោបាយ របស់គណបក្សភូមិចៃថៃ ។
លោកបណ្ឌិត យង់ ពៅ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៧ ឧសភា ថា អានុទីន ឆានវីរៈគុល បានធ្វើឱ្យប្រទេសថៃ បាត់បង់នូវជំនឿទុកចិត្ត ពីសហគមន៍អន្តរជាតិ នៅលើវេទិកាផ្សេងនៅតាមបណ្តាប្រទេសនានា នៅលើសាកលលោក ។
លោកបណ្ឌិតគូសបញ្ជាក់ថា “អានុទីនឆានវីរៈគុល បាននាំប្រទេសថៃ ឱ្យធ្លាក់ចុះទៅក្នុងនយោបាយប្រជាភិថុតិ ជ្រុលនិយមជាតិរបស់ខ្លួន ធ្វើឱ្យធ្លាក់ចុះនូវអំណាចទុនរបស់ខ្លួន ពីព្រោះលុបច្បាប់អនុសញ្ញាយោគយល់គ្នា ឆ្នាំ២០០១ដែលជាច្បាប់អន្តរជាតិ ជាសន្ធិសញ្ញាកិច្ចព្រមព្រៀង អន្តរជាតិរួចទៅហើយ ។ ចឹងហើយធ្វើឱ្យប្រទេសនេះ អន្តរជាតិនិងប្រទេសផ្សេងៗ គេបាត់បង់ជំនឿទៅលើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន”។
អ្នកជំនាញនយោបាយរូបនេះ សង្កត់ធ្ងន់ថា MoU 2001 គឺជាមរតករបស់រដ្ឋព្រោះតាំងពីចុះ MoU ជាមួយគ្នារហូតមកដល់ពេលនេះ មានអាយុកាល២៦ឆ្នាំហើយ ដោយបានឆ្លងកាត់នាយករដ្ឋមន្រ្តីចំនួន៩រូប រាប់ទាំងអានុទីនខ្លួនឯង ។
បណ្ឌិត យង់ ពៅអះអាងថា ក្នុងរយៈពេលជាង២៥ឆ្នាំមកនេះ បានធ្វើឱ្យផ្ទៃសមុទ្រ រវាងប្រទេសទាំងពីរកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ សន្តិសុខល្អ មិនមានផ្ទុះអាវុធ បែរជាអានុទីន អះអាងថា MoU 2001នេះ ពុំមានផលចំណេញទៅវិញ ប៉ុន្តែតាមការពិត គឺអានុទីនធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ នយោបាយជាតិនិយមសុទ្ធសាធ ហើយបានបំផ្លាញប្រទេសថៃ បំផ្លាញសង្គមស៊ីវិល័យថៃ ដោយខ្លួនឯង ក្នុងវេទិកាអន្តរជាតិ៕
