DAP News
ព័ត៌មានជាតិ

ក្រសួងការងារបង្ហាញ ពីកំណែទម្រង់សេវាការងារ និងការអភិវឌ្ឍជំនាញ ក្នុងវេទិកាវិនិយោគកម្ពុជា ២០២៦

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅសណ្ឋាគារ Shangri-La នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ក្រុមហ៊ុន និងវិស័យឯកជនប្រមាណ ៥០០នាក់។

នៅក្នុងកិច្ចពិភាក្សាស្តីពីការសម្រួលនីតិវិធីចុះបញ្ជីធុរកិច្ច និងបណ្ណការងារ ដែលផ្តោតលើការអនុវត្តច្បាប់ស្តីពីការងារនិងបទប្បញ្ញត្តិពាក់ព័ន្ធ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាពាក់ព័ន្ធនឹងការប្រើប្រាស់ហត្ថពលកម្មបរទេស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរ ការប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំង ពលកម្មបរទេស តាមប្រព័ន្ធស្វ័យ ប្រវត្តិកម្មចាប់ពីឆ្នាំ២០១៦មក។ ប្រព័ន្ធនេះផ្តល់ភាពងាយស្រួលដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលប្រើប្រាស់កម្មករនិយោជិតបរទេស ជាពិសេសការស្នើ សុំសេវាគឺធ្វើឡើងតាម«ប្រព័ន្ធអនឡាញ» ដែលបង្កភាពងាយស្រួលដល់ពួកគាត់ និងរួមចំណែកក្នុង ការគ្រប់គ្រងការប្រើប្រាស់ ហត្ថពលកម្មបរទេសនៅកម្ពុជាផងដែរ។

ទន្ទឹមនេះ ដើម្បីផ្តល់ការអនុញ្ញាត ឱ្យក្រុមហ៊ុនប្រើប្រាស់ហត្ថពលកម្មបរទេស ក្រសួងមាននីតិវិធីច្បាស់លាស់ ក្នុងការធានាការដាក់ពាក្យស្នើសុំ (កូតា)ដោយភាពបត់បែន ដែលត្រូវធ្វើឡើងជាមុន ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា។ លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ផ្អែកតាមសំណើរបស់ម្ចាស់ក្រុមហ៊ុន ក្រសួងនឹងអនុញ្ញាតឱ្យប្រើប្រាស់ ហត្ថពលកម្មបរទេសមិនលើសពី ១០%នៃចំនួនកម្មករនិយោជិតខ្មែរសរុប និងបានពន្យល់យ៉ាងក្បោះក្បាយ ពីនីតិវិធីក្នុងករណីដែលមានតម្រូវការហត្ថពលកម្មបរទេសលើសអត្រា១០% ។ លោកក៏បានក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុនដែរថា នៅពេលជួលបុគ្គលិកបរទេសគឺត្រូវមានការ«ប្រុងប្រយ័ត្ន» ជាពិសេសបុគ្គលិក ដែលគ្មានភាពស្របច្បាប់ ព្រោះអាចពាក់ព័ន្ធនឹង«ការងារដោយបង្ខំ ឬការជួញដូរមនុស្ស»។

នាឱកាសនោះលោកបានបង្ហាញថា តាមរយៈដំណើរការប្រព័ន្ធអនឡាញនេះពិតជាមានតម្លាភាព ព្រោះថាសូម្បីតែមន្ត្រី ក៏មិនអាចបដិសេធ មិនទទួលការដាក់ពាក្យស្នើសុំ ដែលត្រូវបានរក្សាទុកក្នុងប្រព័ន្ធ។ ក្នុងករណីដែលចង់តវ៉ា ឬប្តឹង លោកក៏បានប្រកាសពីប្រព័ន្ធលេខ Hotline ១២៨៦/១២៩៧ លេខទំនាក់ទំនងផ្ទាល់ខ្លួន និងតាមរយៈQR code ជាអនាមិក ព្រោះអត្តសញ្ញាណអ្នកប្តឹងមិនត្រូវបានបង្ហាញទេ។ លោកក៏បានជំរុញឱ្យក្រុមហ៊ុនទាក់ទងទៅក្រសួង ឬសាលា TVET នៅពេលត្រូវការពង្រឹងជំនាញ ឬការរៀនជំនាញថ្មីសម្រាប់បុគ្គលិកតាមរយៈកម្មវិធី TVET ១,៥ លាន ជាពិសេសចំពោះបុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រោះរាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ជំនាញ និងផលិតភាពការងារ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការរៀបចំវេទិកាដ៏សំខាន់នេះគឺទទួលបានការឯកភាព និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក.អ.ក. ដើម្បីបញ្ជ្រាបបច្ចុប្បន្នភាព កំណែទម្រង់និងការសម្រួល វិនិយោគដល់វិនិយោគិន។ ស្របពេលដែលស្ថានការណ៍សកលកំពុងមានភាពមិនប្រាកដប្រជា វេទិកានេះក៏នឹងដើរតួនាទី ជាយន្តការចែករំលែកបទពិសោធ បញ្ហាប្រឈម ផ្តល់អនុសាសន៍និងបង្កើត បណ្តាញទំនាក់ទំនងធុរកិច្ច និងពង្រីកគម្រោងវិនិយោគផងដែរ។

លោកក៏បានរំលេចពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ តាមរយៈការដាក់ឱ្យអនុវត្តច្បាប់ស្តីពីការប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលថ្មីៗនេះ ដែលជាសក្ខីភាពបង្ហាញពីចំណាត់ការយ៉ាងសកម្មបំផុតតាមរយៈការបង្ក្រាបជនល្មើសជាបន្តបន្ទាប់ ដើម្បីធានាលុបបំបាត់សកម្មភាពឆបោកតាមអនឡាញ សំដៅបង្កើតបរិកាសវិនិយោគនិងទេសចរណ៍ប្រកបដោយសុវត្ថិភាព សន្តិសុខនិងភាពជឿជាក់ពេញលេញ។ លោកក៏បានលើកឡើងពីការបង្កើតការងារជូនប្រជាពលរដ្ឋតាមរយៈក្រសួងការងារ ដែលរៀបចំផ្គូផ្គងការសម្ភាសការងារផ្ទាល់នៅខេត្តជាប់ព្រំដែនដល់អតីតពលករ ហើយលោកក៏អំពាវនាវដល់វិនិយោគិនសូមបន្តផ្តល់ទំនុកចិត្តនិងជួយផ្សព្វផ្សាយពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមដើម្បីបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមានសុវត្ថិភាព ១០០%សម្រាប់វិនិយោគនិងទេសចរណ៍៕

To Top