DAP News
ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បរិហារទ្វីបអឺរ៉ុបថា ជាគោលដៅ និងជា កន្លែងភ្ញាស់ការគំរាមកំហែងភេរវកម្ម

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើយុទ្ធសាស្ត្រប្រឆាំងភេរវកម្មជាតិថ្មីមួយ ដែលពិពណ៌នាទ្វីបអឺរ៉ុបថា ជាគោលដៅ និងជា «កន្លែងភ្ញាស់ការគំរាមកំហែងភេរវកម្ម» ហើយលោកក៏បានចង្អុលបង្ហាញ ពីក្រុមជួញដូរគ្រឿងញៀន និងក្រុមជ្រុលនិយមឆ្វេងនិយមហិង្សាថា ជាគ្រោះថ្នាក់ចម្បងសម្រាប់អាមេរិក ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា ឯកសារកម្រាស់ ១៦ ទំព័រ ដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃពុធ បានឱ្យដឹងថា គោលនយោបាយប្រឆាំងភេរវកម្មរបស់ទីក្រុងវ៉ាស៊ីនតោននឹងត្រូវបានដឹកនាំដោយ «America First» «សុភវិនិច្ឆ័យ» និង «សន្តិភាពតាមរយៈកម្លាំង»។

យុទ្ធសាស្ត្រនេះរាយបញ្ជីប្រភេទសំខាន់ៗចំនួនបីនៃការគំរាមកំហែងភេរវកម្មដែលសហរដ្ឋអាមេរិកកំពុងប្រឈមមុខ៖ «ភេរវករគ្រឿងញៀន និងក្រុមក្មេងទំនើងឆ្លងដែន», «កេរ្តិ៍ដំណែលភេរវករឥស្លាម» និង «ក្រុមជ្រុលនិយមឆ្វេងនិយមហិង្សា រួមទាំងពួកអនាធិបតេយ្យ និងពួកប្រឆាំងហ្វាស៊ីស»។

ផ្នែកដាច់ដោយឡែកមួយត្រូវ បានឧទ្ទិសដល់ «សម្ព័ន្ធមិត្តណាតូដែលមានទ្រព្យសម្បត្តិ» ដែលត្រូវបានគេនិយាយថា បានប្រែក្លាយទ្វីបអឺរ៉ុប ទៅជាបរិយាកាសដែលអនុញ្ញាតសម្រាប់ «វប្បធម៌បរទេស» ដែលរៀបចំផែនការវាយប្រហារប្រឆាំងនឹងទាំងជនជាតិអឺរ៉ុប និងជនជាតិអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា

To Top