ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ បញ្ជាក់ពីការត្រៀមខ្លួន​ លេីផ្លូវការទូត​ ដើម្បីបញ្ចប់សង្គ្រាម ប្រសិនបើសិទ្ធិរបស់ខ្លួនត្រូវបានការពារ

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេច​ ដើម្បីបន្តផ្លូវការទូតដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈពេលដែលទទូចឱ្យការពារសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់។

នៅក្នុងការហៅទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ ម៉ាក្រុង​ លោក Pezeshkian បានសម្តែងការមិនទុកចិត្តយ៉ាងខ្លាំង​ ចំពោះសហរដ្ឋអាមេរិក ដោយលើកឡើងពីសកម្មភាពអរិភាពថ្មីៗនេះ រួមទាំងការវាយប្រហារពីរលើកលើអ៊ីរ៉ង់ក្នុងអំឡុងពេលចរចាទ្វេភាគី ដែលលោកបានពិពណ៌នាថាជា “ការចាក់អ៊ីរ៉ង់ពីក្រោយខ្នង”។

ការសន្ទនាតាមទូរស័ព្ទបានកើតឡើងនៅពេលដែលគេហទំព័រ Axios បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ កំពុងខិតជិតដល់ការចុះហត្ថលេខាលើអនុស្សរណៈមួយទំព័រ​ ដើម្បីបញ្ចប់សង្គ្រាមរបស់ពួកគេ។

ប្រភពបានឧ្យដឹងថា កិច្ចព្រមព្រៀង​ ដែលអាចកើតមានមួយនឹងពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់​ ចំពោះការផ្អាកការចម្រាញ់សារធាតុនុយក្លេអ៊ែរ និងសហរដ្ឋអាមេរិកយល់ព្រមលើកទណ្ឌកម្ម ដោយភាគីទាំងពីរលើកការរឹតបន្តឹងលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស។

អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បានឈានដល់បទឈប់បាញ់នៅថ្ងៃទី៨​ ខែមេសា បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៤០ថ្ងៃ ដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ នៅថ្ងៃទី២៨​ ខែកុម្ភៈ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top