សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ របស់ គ.ជ.ប សម្រាប់ថ្ងៃទី៧ឧសភា
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុ នៃកិច្ចប្រជុំ គ.ជ.ប សៀវភៅណែនាំឯកសារជំនួយស្មារតី និងខ្លឹមសារអត្ថបទ សម្រាប់ថតវីដេអូអនុវត្តនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២៦។
កិច្ចប្រជុំនេះ គ.ជ.ប បានសម្រេចដូចខាងក្រោម៖
១. របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានកែសម្រួលពាក្យពេចន៍ មួយចំនួន ហើយបានសម្រេចឯកភាពលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២៤ ខែមីនាឆ្នាំ២០២៦។
២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួលពាក្យពេចន៍និងបានឯកភាព លើសៀវភៅដែលមានចំណងជើងដូចខាងក្រោម ៖
– «សៀវភៅណែនាំ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ » សៀវភៅនេះដែលមានចំនួន៨៦ ទំព័រ ហើយគោលបំណង នៃសៀវភៅនេះជាការពន្យល់អំពីនីតិវិធី បច្ចេកទេស បទប្បញ្ញត្តិ និងគោលការណ៍សំខាន់ៗនៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមកម្មវិធីកុំព្យូទ័រ ដើម្បីឱ្យមន្ត្រីចុះឈ្មោះបោះឆ្នោត ពិសេសក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) និងក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់សិក្សាស្វែងយល់ និងអនុវត្តការងារតាមតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យបានត្រឹមត្រូវទាន់ពេលវេលា និងប្រកបដោយលទ្ធផលល្អ។
– «ឯកសារជំនួយស្មារតី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោតឆ្នាំ២០២៦ » ឯកសារជំនួយស្មារតីមាន ៧០ ទំព័រ ដែលបានដកស្រង់ចេញពីចំណុ ចគន្លឹះសំខាន់ៗតាមលំដាប់លំដោយ ពីបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ ហើយក៏ជាជំនួយដ៏សំខាន់ សម្រាប់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍បោះឆ្នោត និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាស្វែងយល់ និងរួមសហការអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប បានពិភាក្សាកែសម្រួល និងបន្ថែមខ្លឹមសារអត្ថបទហើយ បានសម្រេចឯកភាពលើខ្លឹម សារអត្ថបទវីដេអូ ស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជាក់ស្តែង សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦៕
















