មហាគ្រួសារវិស័យទេសចរណ៍ ធ្វើការបរិច្ចាគឈាម រួមទាំងផ្តល់អំណោយសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា អបអរសាទរ ខួបទី១៦៣ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
ភ្នំពេញ ៖ មហាគ្រួសារវិស័យទេសចរណ៍ ដែលដឹកនាំដោយលោករដ្ឋមន្រ្តី ហួត ហាក់ បានរៀបចំកម្មវិធីបរិច្ចាគឈាម និងបាននាំយកអំណោយសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរ ខួបទី ១៦៣ឆ្នាំ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកកម្មវិធីបរិច្ចាគឈាម របស់ក្រសួង ទេសចរណ៍ ក្រោមប្រធានបទ «ចូលរួមបរិច្ចាគឈាមជាមួយ មហាគ្រួសារវិស័យទេសចរណ៍ ក្នុងរដូវកាលបៃតង» ដែលរៀបចំឡើង ក្រោមកិច្ចសហការ រវាងក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីចូលរួមអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ ឆ្នាំកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា ការបរិច្ចាគឈាម គឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លា ដែលបានបង្ហាញពីស្មារតីចែករំលែក ក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះសង្គម ជាពិសេសការចូលរួម ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់។ លោករដ្ឋមន្ត្រី បានបន្តថា វិស័យទេសចរណ៍ មិនត្រឹមតែដើរតួនាទីជាកម្លាំង ជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិស័យ ដែលរួមចំណែកយ៉ាង សកម្មក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសស្លោករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា «ទេសចរណ៍ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីទេសចរណ៍»។
ជាមួយគ្នានេះ កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោក ហួត ហាក់ បានដឹកនាំគណៈប្រតិភូ បាននាំយកអំណោយសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរួមមាន៖ អង្ករ ២តោន, មី ១០០កេស, ទឹកសុទ្ធ ៥០០កេស/យួរ, មុង ចំនួន៣០, ភួយ ចំនួន៣០ និងឃីតសម្លៀកបំពាក់ ចំនួន៥០ឃីត ប្រគល់ជូនកាកបាទក្រហមកម្ពុជា តាមរយៈលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ និងខួបលើកទី៧១ឆ្នាំ កាកបាទក្រហមកម្ពុជា ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ផងដែរ៕
