ព្រះមហាក្សត្រ ៖ អ្នកម្តាយមានគុណធ្ងន់មហិមា ពុំអាចពិពណ៌នា រៀបរាប់បាន
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា អ្នកម្តាយ មានគុណូបការៈដ៏មហាធ្ងន់វិសេសវិសាល និងគុណធ្ងន់មហិមា មិនមានអ្វីអាចប្រៀបផ្ទឹមបាន ។
ក្នុងព្រះរាជសារ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា មាតាគ្រប់រូបបានខិតខំចំណាយកម្លាំងកាយ កម្លាំងចិត្តចិញ្ចឹមបីបាច់ ថែរក្សា អប់រំបុត្រដោយឥតត្អូញត្អែរ ។ ជាមួយគ្នានេះ អ្នកម្តាយគ្រប់រូប មិនដែលគិតដល់ការហត់នឿយ និងមានសន្តានចិត្តប្រកបដោយ ព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ចំពោះបុត្រគ្រប់រូប ។
ព្រះអង្គមានព្រះរាជបន្ទូលទៀតថា អ្នកម្តាយមានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នារៀបរាប់បាន ។ ដូច្នេះចូរបុត្រគ្រប់គ្នាត្រូវតបស្នងនូវឧបការគុណ អ្នកម្តាយគ្រប់ប្រាណ ជាបុព្វទេវា ។ អ្នកម្តាយមានតួនាទីស្នូលដ៏សំខាន់ អប់រំបុត្រឱ្យក្លាយជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ ជាដួងព្រលឹងជាតិ និងជាវប្បធម៌កតញ្ញូ ឱ្យបានស្ថិតស្ថេរគង់វង្សតាំងពីដើមមក និងបន្តជារៀងរហូត៕
