ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងដាក់ពង្រាយកាំភ្លើង ធំបាញ់ បានរយៈចម្ងាយឆ្ងាយ ដោយតម្រង់ទៅរកកូរ៉េខាងត្បូង

បរទេស៖ កូរ៉េខាងជើងបាននិយាយនៅថ្ងៃសុក្រថា ខ្លួននឹងដាក់ពង្រាយប្រព័ន្ធ កាំភ្លើងធំរយៈចម្ងាយឆ្ងាយថ្មីនៅឆ្នាំនេះ ដែលមានសមត្ថភាព វាយប្រហារតំបន់រដ្ឋធានី របស់កូរ៉េខាងត្បូង ហើយនឹងដាក់ឱ្យដំណើរ ការនាវាពិឃាតកង ទ័ពជើងទឹកដំបូងរបស់ខ្លួននៅក្នុងសប្តាហ៍ខាងមុខនេះ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ថា ការប្រកាសនេះធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង បាននិយាយថា រដ្ឋធម្មនុញ្ញដែលទើបកែសម្រួលថ្មី របស់កូរ៉េខាងជើង បានលុបចោលឯកសារយោងទាំងអស់អំពីការបង្រួបបង្រួមកូរ៉េ ស្របតាមការសន្យារបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការបញ្ចប់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងបង្កើតប្រព័ន្ធរដ្ឋពីរ នៅលើឧបទ្វីបកូរ៉េ។

លោក គីម ប្រធានាធិបតីកូរ៉េខាងជើង បានទៅទស្សនារោងចក្រផលិតគ្រាប់រំសេវ កាលពីថ្ងៃពុធ ដើម្បីត្រួតពិនិត្យការផលិតកាំភ្លើង ធំស្វ័យប្រវត្តិទំហំ ១៥៥ មីលីម៉ែត្រ ដែលត្រូវដាក់ពង្រាយនៅអង្គភាព កាំភ្លើងធំមួយនៅ តំបន់ព្រំដែនភាគ ខាងត្បូងក្នុងឆ្នាំនេះ, នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសា រព័ត៌មានកណ្តាលកូរ៉េផ្លូវការរបស់កូរ៉េខាងជើង KCNA ។

KCNA បានដកស្រង់សម្តីរបស់លោក គីម ដែលនិយាយថា ចម្ងាយវាយប្រហាររបស់កាំភ្លើងធំទំហំធំនេះគឺលើសពី ៦០ គីឡូម៉ែត្រ ។ លោកបាននិយាយថា “ការពង្រីកចម្ងាយ វាយប្រហារយ៉ាងឆាប់រហ័ស និងការកែលម្អគួរឱ្យកត់សម្គាល់ នៃសមត្ថភាពវាយប្រហារ នឹងផ្តល់នូវការផ្លាស់ប្តូរ និងអត្ថប្រយោជន៍ដ៏អស្ចារ្យ នៅក្នុងប្រតិបត្តិការដីគោក របស់កងទ័ពរបស់យើង” នេះបើយោងតាម KCNA៕
ប្រែសម្រួលៈ ណៃ តុលា

To Top