ព័ត៌មានជាតិ

តុលាការ​ ចោទប្រកាន់ស្រ្តី លួចនាំចូលទុរេនពីថៃ ពីបទ លួចនាំចូលទំនិញគេចពន្ធ

ភ្នំពេញ ៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបងបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ លឿន សាក់ឡែន ដែលជាស្រ្តីម្នាក់លួចចូលនាំទុរេន ពីប្រទេសថៃ ពីបទការលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារ តំបន់អូររំដួល ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបងនៅថ្ងៃ៨ ឧសភានេះ បានឱ្យដឹងថា ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿង តំណាងអយ្យការបានសម្រេចធ្វើការ ចោទប្រកាន់លើជនសង្ស័យឈ្មោះ ព្រុំ សុខណយ ហៅយ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ (គេចខ្លួន) ពីបទ ផ្តើមគំនិត ក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ ។

ចំណែក ជនសង្ស័យឈ្មោះ លឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ(ឃាត់ខ្លួន) ជាស្រ្តីឡាយវិដេអូនិយាយ ពីទុរេននាំឱ្យមានការរិះគន់ និងបក្ខពួក ពីបទ ការលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ១៩ និង២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៧៥ នៃច្បាប់ស្តីពីគយ ។

សូមបញ្ជាក់ថា ឈ្មោះ លឿន សាក់ឡែន បានបញ្ជាទិញពីទុរេនពីឈ្មោះ ព្រំ សុខណយ ដែលបានកម្មង់ទិញចំនួន៣លើក ដោយលើកទី១នៅថ្ងៃទី១៧ លើកទី២នៅថ្ងៃទី១៩ និងលើកទី៣នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ រាល់ទំនិញដែលនាំចូលទាំង៣លើក គឺមានការលាក់បំបាំង មិនមានការអនុញ្ញាត និងមិនបានបង់ពន្ធ គយនោះឡើយ។ ក្រោយមកនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះលឿនសាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ យកមកសាកសួរបំភ្លឺ៕

To Top