ប្រទេសអារ៉ាប់រួម រាយការណ៍ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ខណៈដែលបទឈប់បាញ់សង្គ្រាមអ៊ីរ៉ង់ ប្រឈមនឹងភាពផុយស្រួយ
បរទេស៖ ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួម បានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះកំពុង «ចូលរួមយ៉ាងសកម្ម» ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក នៅព្រឹកថ្ងៃសុក្រ ខណៈដែលបទឈប់បាញ់ដ៏រង្គោះរង្គើ នៃសង្គ្រាមអ៊ីរ៉ង់ ត្រូវបានប្រឈមម្តងទៀត ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ថា ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួមបានណែនាំប្រជាជនកុំឱ្យចូលទៅជិត ថតរូប ឬប៉ះ «កម្ទេចកម្ទី ឬបំណែកណាមួយដែលបានធ្លាក់ជាលទ្ធផលនៃការស្ទាក់ចាប់តាមអាកាសដោយជោគជ័យ»។
ប៉ុន្មានម៉ោងមុននេះ យោធាអាមេរិក បាននិយាយថា ខ្លួនបានស្ទាក់ចាប់ ការវាយប្រហារ របស់អ៊ីរ៉ង់លើនាវាកងទ័ពជើងទឹក ចំនួនបីគ្រឿងនៅច្រកសមុទ្រហ័រមូស កាលពីយប់ថ្ងៃព្រហស្បតិ៍ និង «បានកំណត់គោលដៅលើមូលដ្ឋានយោធា អ៊ីរ៉ង់ដែលទទួលខុសត្រូវ ចំពោះការវាយប្រហារកងកម្លាំងអាមេរិក»។
បញ្ជាការកណ្តាលអាមេរិក បាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា កងកម្លាំងអាមេរិកបានស្ទាក់ចាប់ «ការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនបានបង្កហេតុ» ហើយបានឆ្លើយតបដោយការវាយប្រហារការពារខ្លួន។
យោធាអាមេរិកបាននិយាយថា គ្មាននាវាណាមួយត្រូវបានវាយប្រហារនោះទេ ហើយថា ខ្លួនមិនស្វែងរកការកើនឡើងនៃភាពតានតឹងទេ ប៉ុន្តែ «នៅតែស្ថិតក្នុងទីតាំង និងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារកងកម្លាំងអាមេរិក»។
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា បទឈប់បាញ់នៅតែបន្តទោះបីជាមានអំពើហិង្សាក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា
