ព័ត៌មានជាតិ

កម្ពុជា បានដោះស្រាយ បញ្ហាធំៗ ពាក់ព័ន្ធ Online Scams

ភ្នំពេញ ៖ លោក នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដី ទីនៃកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ន ចំពោះបញ្ហាបទល្មើសបច្ចេកវិទ្យា (Online Scams) សមត្ថកិច្ចពាក់ព័ន្ធកម្ពុជា បានរួមគ្នាដោះស្រាយយ៉ាងច្រើន ។

ក្នុងឱកាសទទួលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក នេត សាវឿន បានបង្ហាញពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង លើការជំរុញការអភិវឌ្ឍ និងការធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងស្ថេរិភាព ខណៈបច្ចុប្បន្នកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជាមួយការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានសហការផ្ទាល់ជាមួយប្រទេសសិង្ហបុរី និងបណ្ដាប្រទេសក្នុងតំបន់ ។

លោកបន្ដថា បញ្ហា Online Scams នេះ កម្ពុជាបានដោះស្រាយបញ្ហាធំៗ ហើយក្រុមឧក្រិដ្ឋជនភាគច្រើនជាជនបរទេស។
លោក នេត សាវឿន បញ្ជាក់ទៀតថា បទល្មើស Online Scams ក៏ជាបញ្ហាសកល និង ជាបទល្មើសឆ្លងដែនមួយ ដែលទាមទារឲ្យមានការពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយគ្នា ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា បញ្ជាក់ថា ការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាបញ្ហាសកលទាមទារ ឲ្យមានការឆ្លើយតបជាសកល ដោយមិនមែនសម្រាប់តែប្រទេសណាមួយ ដែលអាចដោះស្រាយបានតែឯងទេ ។
លោកថា សិង្ហបុរីតែងតែធ្វើការជិតស្និទ្ធជាមួយភាគី ពាក់ព័ន្ធដូចជាជាមួយ ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ឋ UNODC, Interpol ក៏ដូចជាជាមួយសម្ព័ន្ធប្រឆាំង ការឆបោកសកល ដែលបានពង្រីកកិច្ចសហប្រតិបត្តិការរហូតដល់ប្រទេសអាហ្វ្រិកខាងត្បូង ហើយក៏មានបំណងក្នុងការពង្រីកនូវសមាជិកភាពជាមួយប្រទេស ក្នុងតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ៕

To Top