គម្រោងមេគង្គ-ឡានឆាងថ្មីមួយ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ដើម្បីបរិវត្តកម្មឌីជីថល សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅកម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងថ្មីមួយ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីលើកកម្ពស់ផលិតភាព និងការចាប់យកឌីជីថលក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម តាមរយៈការគាំទ្រគោលនយោបាយ និងការចែករំលែកចំណេះដឹងក្នុងតំបន់។

ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ បានប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូតឡាវ និងស្ថានទូតវៀតណាមប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។
លោក ហែម វណ្ណឌី បានរំលេចពីតួនាទីសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលមិនត្រឹមតែបង្កើតការងារ និងបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតួអង្គស្នូលក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
លោករដ្ឋមន្ត្រី បានលើកឡើងថា «ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងរហ័ស បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ បានក្លាយជាកាតាលីករក្នុងការកំណត់សមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាភាព ធន់របស់សេដ្ឋកិច្ចជាតិ និងតំបន់»។

លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី១០ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
លោក បានបន្ថែមថា «រដ្ឋាភិបាលចិនប្តេជ្ញាបន្តធ្វើការ ជិតស្និទ្ធជាមួយបណ្តាប្រទេសនៃតំបន់មេគង្គ ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង ជំនាន់ទី២ (LMC 2.0) ប្រកបដោយសាមគ្គីភាព និងបើកចំហ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ នវានុវត្តន៍បៃតង សន្តិភាព និងភាពសុខុដុមរមនា ដើម្បីរួមគ្នាកសាងនូវទសវត្សរ៍មាសថ្មីនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង»៕
