ប្រធានាធិបតីម៉ិកស៊ិក បដិសេធថា ស្ថានកុងស៊ុលរបស់ខ្លួន មិនជ្រៀតជ្រែកក្នុង នយោបាយអាមេរិកនោះទេ
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធការអះអាងថា ស្ថានកុងស៊ុលម៉ិកស៊ិកនៅសហរដ្ឋអាមេរិក កំពុងជ្រៀតជ្រែកក្នុងនយោបាយ ក្នុងស្រុក ហើយគួរតែត្រូវបានពិនិត្យយ៉ាងម៉ត់ចត់។
លោកស្រី Sheinbaum បានឧ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “គំនិតដែលថាស្ថានកុងស៊ុលម៉ិកស៊ិក កំពុងចូលរួមក្នុងនយោបាយ នៅសហរដ្ឋអាមេរិក គឺមិនពិតទាំងស្រុង” ដោយសង្កត់ធ្ងន់ថា ដូចស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅម៉ិកស៊ិក ឬស្ថានកុងស៊ុលនៃប្រទេសដទៃទៀតដែរ តួនាទីរបស់ស្ថានកុងស៊ុលម៉ិកស៊ិក គឺគ្រាន់តែ “ការពារពលរដ្ឋរបស់ពួកគេ” ប៉ុណ្ណោះ។
ការកត់សម្គាល់របស់លោកស្រី បានកើតឡើងបន្ទាប់ពីរបាយការណ៍មួយដែលចាក់ផ្សាយដោយ CBS News ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងស្វែងរកការស៊ើបអង្កេតស្ថានកុងស៊ុលម៉ិកស៊ិក និងអាចបិទស្ថានកុងស៊ុលមួយចំនួន បន្ទាប់ពីការស្លាប់របស់មន្ត្រី CIA អាមេរិកពីរនាក់ បន្ទាប់ពីប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅភាគខាងជើងម៉ិកស៊ិកកាលពីខែមុន។
លោកស្រីបានលេីកឡេីងថា រដ្ឋាភិបាលម៉ិកស៊ិកមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការណាមួយអំពីការពិនិត្យឡើងវិញ ឬការបិទស្ថានកុងស៊ុលដែលអាចកើតមាននោះទេ។
លោកបានបន្ដថា ស្ថានកុងស៊ុលជាង ៥០ របស់ម៉ិកស៊ិកនៅសហរដ្ឋអាមេរិក ផ្តល់ជំនួយ និងការការពារដល់ពលរដ្ឋម៉ិកស៊ិកនៅបរទេស ដោយអនុលោមតាមច្បាប់អន្តរជាតិ និងការអនុវត្តការទូតស្តង់ដារ។ «ពួកគេគោរពយ៉ាងខ្លាំង ចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក»។
ការបង្ក្រាបអន្តោប្រវេសន៍របស់រដ្ឋបាលសហរដ្ឋអាមេរិក រួមទាំងការវាយឆ្មក់ប្រឆាំងនឹងជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ បាននាំឱ្យរដ្ឋាភិបាលម៉ិកស៊ិក ពង្រឹងសេវាកម្មកុងស៊ុលរបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
