ព័ត៌មានអន្តរជាតិ

​ គុយបា​ ច្រានចោលការអះអាង របស់លោក Rubio អំពីការផ្តល់ជំនួយមនុស្សធម៌ របស់សហរដ្ឋអាមេរិក

ហាវ៉ាណា៖​ ប្រទេសគុយបាបានបដិសេធ ការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio អំពីការផ្តល់ជូនជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លាររបស់សហរដ្ឋអាមេរិក ដល់ប្រទេសកោះនេះ។

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឧ្យដឹងនៅលើបណ្ដាញសង្គម​ X ថា លោក Rubio បានប្រឌិតការអះអាងនេះ​ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន​ ប្រឆាំងនឹងគុយបា។

លោក Rubio បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយមនុស្សធម៌ចំនួន ៦​លានដុល្លារដល់ប្រទេសគុយបា​ តាមរយៈ Caritas ដែលជាទីភ្នាក់ងារព្រះវិហារកាតូលិក ហើយបានផ្តល់ជំនួយចំនួន ១០០លានដុល្លារដល់រដ្ឋាភិបាលគុយបា ប៉ុន្តែខ្កួនបានបដិសេធមិនចែកចាយវា។

លោក Rodriguez បានសរសេរថា “តើពួកគេបានទៅណា? តើគាត់នឹងប្រើប្រាស់ពួកគេសម្រាប់អ្វី?” ដោយបដិសេធការអះអាងនេះ។

លោក Rodriguez បានលេីកឡេីងថា អ្វីដែលត្រូវបានគេស្គាល់ជាសាធារណៈគឺប្រាក់រាប់ពាន់លានដុល្លារដែលសង្គ្រាមសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក​ កំពុងធ្វើឱ្យប្រទេសគុយបាខាតបង់។

លោក Rodriguez បានបន្ថែមថា «លោកក៏បានដឹងយ៉ាងច្បាស់អំពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ​ ដែលបណ្តាលមកពីសង្គ្រាមនោះ និងការរឹតបន្តឹងទាក់ទងនឹងប្រាក់ចំណូល បច្ចេកវិទ្យា អាហារ ឥន្ធនៈ និងថ្នាំពេទ្យដែលទីក្រុងវ៉ាស៊ីនតោនបានដាក់»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top