ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសហប្រជាជាតិ ជំរុញឱ្យមានការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងការកើនឡើងបន្ថែមទៀត នូវភាពតានតឹងនៅច្រកសមុទ្រហ័រមូស

អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់បានឧ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ជំរុញឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងបន្ថែមទៀត បន្ទាប់ពីការបាញ់ប្រហារគ្នានៅច្រកសមុទ្រហ័រមូស។ 

លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខអង្គការសហប្រជាជាតិ បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា អគ្គលេខាធិការមានការព្រួយបារម្ភ​ ចំពោះការបាញ់ប្រហារគ្នាថ្មីៗនេះនៅច្រកសមុទ្រហ័រមូស។ 

លោកបានលេីកឡេីងថា អគ្គលេខាធិការអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពតាមបទឈប់បាញ់យ៉ាងពេញលេញ និងជៀសវាងសកម្មភាពណាមួយដែលអាចនាំឱ្យមានការកើនឡើងឡើងវិញ ឬធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត។

គួរបញ្ជាក់ថា​ កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ បានបាញ់ប្រហារគ្នាកាលពីថ្ងៃព្រហស្បតិ៍​ ក្នុងនោះយោធាសហរដ្ឋអាមេរិកបានឧ្យដឹងថា វាជាសកម្មភាព “ការពារខ្លួន” ខណៈពេលដែលទីក្រុងតេអេរ៉ង់​ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន​ ថាបានរំលោភលើបទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី៨​ ខែមេសា៕

ប្រែសម្រួល​ ឈូ​ក​ បូរ៉ា

To Top